យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Lexus កំពុងតែធ្វើការលើរថយន្ត SUV កៅអី ៣ជួរថ្មីសន្លាងមួយម៉ូដែលទៀត ហៅថា Lexus TX ដើម្បីមកប្រជែងជាមួយនឹងរថយន្ត Mercedes-Benz GLS និង BMW X7។
រថយន្ត Lexus TX ត្រូវបានគេអះអាងថា នឹងមានទំហំធំជាងរថយន្ត Lexus RX L ដែលប្រើកៅអី ៣ជួរដូចគ្នា។
ប្រភពខាងលើដដែលបានអះអាងថា រថយន្ត SUV កៅអី ៣ជួរខាងលើនេះ នឹងប្រើប្រាស់គ្រោងឆ្អឹងដូចទៅនឹងរថយន្ត Toyota Grand Highlander (Highlander តួវែង) ដែរ ហើយនឹងចេញលក់នៅលើទីផ្សារសហរដ្ឋអាមេរិក នាពាក់កណ្តាលឆ្នាំ២០២៣ ខាងមុខនេះតែម្តង។
បើទោះបីជាមិនទាន់មានការបញ្ជាក់ជាផ្លូវការក្តី ប៉ុន្តែក្រុមហ៊ុន Toyota ដែលជាក្រុមហ៊ុនមេរបស់ Lexus បានបោះទុនចំនួន ៨០៣លានដុល្លារ ដើម្បីអាប់ដេតរោងចក្រនៅរដ្ឋ Indiana របស់ខ្លួន ដែលប្រភពអះអាងថា SUV ទាំង ២ម៉ូដែលនេះនឹងត្រូវផលិតនៅទីនោះ។
យ៉ាងណាមិញ បើយោងតាមលោក John Iacono ជាប្រធាននៃ Lexus National Dealer Advisory Council បានប្រាប់ឲ្យដឹងថា អតិថិជនរបស់ Lexus ជាច្រើន បានរង់ចាំអស់រយៈពេលជាយូរមកហើយសម្រាប់រថយន្ត SUV ដែលមានទំហំធំជាងម៉ូដែល RX L ប៉ុន្តែមិនមែនជាប្រភេទ body-on-frame SUV ដូចម៉ូដែល GX និងLX៕