លេចឮថា Nissan អាចនឹងផលិតឡានភីកអាប់អគ្គិសនី ប្រជែង Ford និង Tesla

ភាពពេញនិយមចំពោះរថយន្តភីកអាប់អគ្គិសនី កំពុងតែផ្ទុះឡើងខ្លាំង ខណៈរបាយការណ៍ថ្មីមួយបានចង្អុលបង្ហាញថា ក្រុមហ៊ុន Nissan កំពុងតែសម្លឹងមើលលទ្ធភាពក្នុងការបង្កើតរថយន្ត Titan EV ដែលដំណើរការដោយថាមពលអគ្គិសនី។

រថយន្ត Nissan Titan

យោងតាមគេហទំព័រ Bloomberg បានឲ្យដឹងថា Nissan កំពុងតែពិភាក្សាជាមួយក្រុមហ៊ុន Hercules Electric Vehicles អំពីលទ្ធភាពក្នុងការទិញយកប្រព័ន្ធថាមពលអគ្គិសនី (electric powertrains) មកប្រើលើរថយន្តរបស់ខ្លួន គឺម៉ូដែល Titan នេះតែម្តង។

ប្រភពខាងលើដដែលអះអាងថា Nissan ក៏ស្ម័គ្រចិត្តចែករំលែកគ្រឿងគ្រូវរបស់ខ្លួន សម្រាប់ប្រើលើរថយន្តអគ្គិសនីរបស់ Hercules គឺម៉ូដែល Alpha វិញដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
រថយន្ត Hercules Alpha

គួរឲ្យដឹងថា រថយន្ត Hercules Alpha មានបំពាក់ម៉ូទ័រអគ្គិសនីចំនួន ៤ ដែលបង្កើតកម្លាំងបានសរុប ១ ០០០សេះ ហើយអាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤វិនាទី និងមានល្បឿនអតិបរមា ១៩០គីឡូម៉ែត្រក្នុងមួយម៉ោង ព្រមទាំងមានចម្ងាយបើកបរដល់ ៤៨០គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង។

គួរឲ្យដឹងដែរថា វាគឺជារឿងគួរឲ្យភ្ញាក់ផ្អើលមួយនៅពេលដែល Nissan កំពុងសម្រេចចិត្តយក Titan ធ្វើជារថយន្តអគ្គិសនី ស្របពេលដែលចំនួនលក់របស់វានៅសហរដ្ឋអាមេរិកបានធ្លាក់ចុះ រយៈពេល ៣ឆ្នាំជាប់ៗគ្នា ហើយលក់បានតែ ៣១ ៥១៤គ្រឿងប៉ុណ្ណោះ កាលពីឆ្នាំ២០១៩៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម