[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai គ្រោងនឹងដាក់បង្ហាញចេញនៅរថយន្តអគ្គិសនី Hyundai loniq 5 នៅប្រទេសវៀតណាមនៅសប្តាហ៍ក្រោយ ប៉ុន្តែពេលវេលាជាក់លាក់មិនត្រូវបានបង្ហាញនោះទេ។ ក្នុងនោះត្រូវបានគេដឹងថាម៉ូដែលនេះត្រូវបាននាំយកមកក្នុងគោលបំណងបង្ហាញដល់អ្នកប្រើប្រាស់និងការស្រាវជ្រាវទីផ្សារ។
សម្រាប់រថយន្តអគ្គិសនី Ioniq 5 គឺជាត្រកូល Ioniq របស់ក្រុមហ៊ុន Hyundai ។ ទន្ទឹមនឹងនេះ Ioniq 5 ត្រូវបានគេមើលឃើញថាជាការចាប់ផ្តើមរបស់ក្រុមហ៊ុន Hyundai ដែលបង្ហាញថាក្រុមហ៊ុនពិតជាមានភាពខ្លាំងក្លានៅក្នុងវិស័យរថយន្តអគ្គិសនី ជាមួយការរចនាបែប Retro-futuristic ខាងក្នុងទំនើប និងគ្រឿងបរិកា្ខដ៏ប្រណិត គឺជាភាពទាក់ទាញនៃម៉ូដែលនេះ។
ចំពោះរថយន្តអគ្គិសនី Hyundai Ioniq 5 មានប្រវែងសរុប ៤ ៦៣៥ ម.ម ទទឹង ១ ៨៩០ ម.ម កំពស់ ១ ៦០៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០០០ ម.ម ។ ជាមួយគ្នានេះ ដោយនៅក្នុងក្រុមរថយន្តអគ្គិសនី រថយន្ត Ioniq 5 មានទំហំប្រហាក់ប្រហែលនឹង Ford Mustang Mach-E និង Nissan Ariya ជាដើម។
គួរឲ្យដឹងថា រថយន្ត loniq 5 ជារថយន្តដំបូងបង្អស់របស់ក្រុមហ៊ុន Hyundai ដែលប្រើប្រាស់គ្រោងឆ្អឹង E-GMP platform ជាមួយម៉ូទ័រអេគ្គិសនីចំនួនមួយ ប្រភេទបើកបរវិលកង់ខាងក្រោយ មានកម្លាំង ២១៥ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ឬម៉ូទ័រអេគ្គិសនីចំនួន២ ដែលបើកបរដោយកង់ទាំងបួន មានកម្លាំង ៣០២ សេះ និងកម្លាំងរមួល ៦០៥ ញ៉ូតុនម៉ែត្រ។
រថយន្តនេះត្រូវបានបំពាក់ដោយកញ្ចប់អាគុយស្តង់ដារទំហំ ៥៨ គីឡូវ៉ាត់ម៉ោង ជាមួយនឹងជម្រើសកញ្ចប់អាគុយទំហំ ៧២,៦ គីឡូវ៉ាត់ម៉ោង។ យោងតាមក្រុមហ៊ុន Hyundai loniq 5 ប្រភេឬម៉ូទ័រអគ្គិសនីមួយ ភ្ជាប់ជាមួយអាគុយទំហំ ៧២,៦ គីឡូវ៉ាត់អាចបើកបរបានចម្ងាយប្រហែល ៤៨០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។
គួរបញ្ជាក់ផងដែរថា ការដាក់បង្ហាញខ្លួនរបស់ Hyundai Ioniq 5 នឹងធ្វើឲ្យផ្នែករថយន្តអគ្គិសនីដ៏ពេញនិយម នៅក្នុងប្រទេសវៀតណាមមានជម្រើសជាច្រើនទៀត ក្រៅពីម៉ូដែល VinFast VF e34 និង VinFast VF 8 ឬ Kia EV6 នាពេលខាងមុខ៕