Tesla បានបំបែកកំណត់ត្រាប្រាក់ចំណេញប្រចាំត្រីមាសរបស់ខ្លួន ដោយរកបាន ១,៦២ ពាន់លានដុល្លារ ក្នុងត្រីមាសទី៣ នៃឆ្នាំ ២០២១ នេះ បើទោះបីជាមានវិបត្តិបន្ទះឈីបសកល ដែលកំពុងបន្តធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ឧស្សាហកម្មរថយន្តក៏ដោយ។
តួលេខត្រីមាសទី៣ បានបំបែកកំណត់ត្រា ១,១៤ ពាន់លានដុល្លារពីមុនរបស់ក្រុមហ៊ុន Tesla ដែលបានកំណត់ក្នុងត្រីមាសទី២ នៃឆ្នាំ ២០២១ នេះ ហើយមានទំហំធំជាងជិត ៥ ដងច្រើន ជាងប្រាក់ចំណេញដែលខ្លួនរកបានក្នុងត្រីមាសទី៣ កាលពី ឆ្នាំ ២០២០ ដែលមានត្រឹមចំនួន ៣៣១ លានដុល្លារ។
យោងតាមសារព័ត៌មាន Automotive News របស់អាមេរិក បានឲ្យដឹងថា ប្រាក់ចំណូល ១៣,៨ ពាន់លានដុល្លាររបស់ Tesla ក៏ជាប់ជាការបំបែកកំណត់ត្រាមួយរបស់ក្រុមហ៊ុននេះដែរ។
ការប្រកាសពីប្រាក់ចំណេញរបស់ក្រុមហ៊ុន Tesla កើតឡើងបន្ទាប់ពីព័ត៌មានដែលបានចេញផ្សាយកាលពីដើមខែកន្លងទៅនេះ ដែលបង្ហាញថា Tesla បានចែកចាយរថយន្តអគ្គិសនីសរុប ចំនួន ២៤១ ៣០០គ្រឿង កើនឡើង ៧២ ភាគរយលើចំនួនរថយន្តដែលខ្លួនបានចែកចាយ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
មិនតែប៉ុណ្ណោះ នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន Tesla បានលក់រថយន្តជិត ៦៣០ ០០០ គ្រឿងហើយ គិតមកទល់ពេលនេះ មានន័យថា វាបានវ៉ាដាច់ចំនួនសរុប ៤៩៩ ៥៥០ គ្រឿង ក្នុងឆ្នាំ ២០២០ រួចបាត់ទៅហើយ៕