វីរុស​កូរ៉ូណា រំពឹងថាប៉ះពាល់ដល់ឧស្សាហកម្មយានយន្តសកលធ្ងន់ធ្ងរ

វីរុស​កូរ៉ូណា​កំពុង​ផ្ទុះ​នៅ​ប្រទេស​ចិន នឹង​ផ្ដល់​ការ​គំរាម​កំហែង​រយៈពេល​វែង​ដល់​​ឧស្សាហកម្ម​យានយន្ត​លើ​សកល​លោក ដោយ​សារ​បញ្ហា​ទាក់ទង​នឹង​សង្វាក់​ផលិតកម្ម​ និង​ការ​ថយ​ចុះ​នៃ​ចំនួន​លក់​រថយន្ត។

មុន​ការ​ផ្ទុះ​វីរុស​កូរ៉ូណា​នេះ ចំនួន​​លក់​រថយន្ត​នៅ​ចិន​បាន​ធ្លាក់​ចុះ​រយៈពេល ២ ឆ្នាំ​ជាប់​គ្នា ដោយ​សារ​កំណើន​សេដ្ឋកិច្ច​យឺត និង​ការ​បាត់បង់​ការ​ផ្ដល់​អត្រា​ពន្ធ​ពិសេស​សម្រាប់​រថយន្ត​អគ្គិសនី។ ចាប់​តាំង​ពី​វីរុស​កាច​សាហាវ​ផ្ទុះ​មក រោងចក្រ​ធំៗ​ជា​ច្រើន​ត្រូវ​បាន​បញ្ជា​ឲ្យ​បិទ​បន្ត​រហូត​ដល់​សប្ដាហ៍​ក្រោយ​ ខណៈ​ដែល​រដ្ឋាភិបាល​ចិន​កំពុង​ព្យាយាម​គ្រប់គ្រង​វីរុស។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

S&P Global Ratings ជឿ​ថា​ការ​ផ្ទុះ​វីរុស​នេះ នឹង​បង្ខំ​ឲ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​​​នៅ​អាស៊ី កាត់​បន្ថយ​ទំហំ​ផលិត​រថយន្ត​ប្រមាណ ១៥% នៅ​ក្នុង​ត្រីមាស​ទី ១ នេះ។ ក្រុមហ៊ុន​ដែល​មាន​រោងចក្រ​នៅ​ទីក្រុង​ Wuhan មាន​ដូច​ជា General Motors, Nissan, Renault, Honda និង PSA Group ជា​ដើម។

Volkswagen រង​​ការ​ប្រឈម​ផង​ដែរ ដោយ​សារ​ក្រុមហ៊ុន​មាន​រោងចក្រ​ចំនួន ២៤ ផលិត​រថយន្ត ឬ​គ្រឿង​បន្លាស់​រថយន្ត​នៅ​ចិន ដែល​វា​ស្មើ​នឹង​ប្រមាណ​ជាង ៤០% នៃ​ទំហំ​ផលិត​សរុប​ទូទាំង​ពិភពលោក​របស់​ក្រុមហ៊ុន។ យ៉ាងណាក្ដី​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​និយាយ​ថា​ផែនការ​ផលិត​រថយន្ត​ឲ្យ​អតិថិជន​មិន​មាន​ការ​ផ្លាស់​ប្ដូរ​នោះ​ឡើយ។

ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿង​បន្លាស់​រថយន្ត​ក៏​នឹង​រង​ការ​ខូច​ខាត​ផង​ដែរ មាន​ដូច​ជា Bosch, Schaeffler, ZF Friedrichshafen, Faurecia និង​ Valeo ដែល​សុទ្ធ​តែ​មាន​ប្រតិបត្តិការ​នៅ​ប្រទេស​ចិន។ ចំណែក​ Hyundai វិញ​​បាន​ផ្អាក​សង្វាក់​ផលិតកម្ម​របស់​ខ្លួន​នៅ​កូរ៉េ​ខាង​ត្បូង ព្រោះ​វីរុស​កូរ៉ូណា​បាន​ប៉ះពាល់​ដល់​ដៃ​គូ​ផ្គត់ផ្គង់​គ្រឿង​បន្លាស់​នៅ​ចិន៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម