[ទីផ្សារបរទេស] រយៈពេល១០ខែ នៃឆ្នាំ២០២២នេះ ចំនួនរថយន្តដែលផលិតបាននៅប្រទេសវៀតណាមមានប្រមាណ ៣៦២ ៥០០គ្រឿង ដែលស្ថិតនៅពីក្រោយប្រទេសឈានមុខដូចជាប្រទេសថៃ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ីជាដើម។
បើតាមការិយាល័យស្ថិតិទូទៅ បានឲ្យដឹងថាការផលិតរថយន្តនៅវៀតណាមមានការកើនឡើង ១៦,៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ សម្រាប់រថយន្តអ្នកដំណើរទូទៅ គេឃើញមានក្រុមហ៊ុនជាច្រើនបានសាងសង់រោងចក្រផលិត និងដំឡើង ដូចជា Toyota , Honda , Ford , Kia , Hyundai , Mazda , VinFast និង Mercedes ជាដើម។
ផ្អែកតាមទិន្នន័យសមាគមន៍យានយន្តអាស៊ីអាគ្នេយ៍បានបង្ហាញដែរថា ប្រទេសថៃនៅតែជាប្រទេសផលិតរថយន្តច្រើនជាងគេក្នុងតំបន់ ជាមួយទំហំផលិតជិត ១,៦លានគ្រឿង ខណៈដែលឥណ្ឌូណេស៊ីស្ថិតនៅតំណែងបន្ទាប់ជាមួយទំហំផលិត ១,២លានគ្រឿង និងប្រទេសម៉ាឡេស៊ីផលិតបាន ៥៦០ ០០០គ្រឿង។
ដោយឡែកប្រទេសស្ថិតនៅចំណាត់ថ្នាក់ពីក្រោយវៀតណាម គឺប្រទេសហ្វីលីពីនដែលមានទំហំផលិតជាង ៧៣ ០០០គ្រឿង និងប្រទេសមីយ៉ាន់ម៉ាដែលមានទំហំផលិតជាង ៣ពាន់គ្រឿង៕