វិបសាយរថយន្ត CarScoops ទទួលបានរូបភាពមួយដែលបង្ហាញអំពីរូបរាងរថយន្ត Rolls-Royce ដ៏អាថ៌កំបាំងមួយម៉ូដែល។ ប្រភពដែលផ្ដល់រូបភាពឲ្យវិបសាយនេះ បាននិយាយថាវាគឺជារថយន្ត Rolls-Royce ថ្មី ដែលត្រៀមបង្ហាញមុខ ហើយវាមានលក្ខណៈខុសពីរថយន្ត Rolls-Royce នាពេលបច្ចុប្បន្នផ្សេងៗទៀត។
រូបភាពបានបង្ហាញអំពីការឌីហ្សាញដំបូលដែលមានកម្ពស់ខ្ពស់ ហើយវាមានរូបរាងតូច ដែលទំនងជាមានទ្វារតែពីរប៉ុណ្ណោះ។ ប្រសិនបើរូបភាពនេះ អាចយកជាការបានមែន វាអាចជាប្រភេទរថយន្តមានតែមួយក្នុងលោក ដែល Rolls-Royce ផលិតជូនអតិថិជនមានទ្រព្យមហាសាលរបស់ខ្លួន។ ដូចកាលពីឆ្នាំ ២០១៧ ក្រុមហ៊ុន Rolls-Royce បានបង្ហាញនូវរថយន្ត Rolls-Royce Sweptail មានតែមួយគ្រឿងក្នុងលោក រូបរាងពិសេសលើសរថយន្ត Rolls-Royce ដទៃ ដែលមានតម្លៃដល់ទៅ ១២,៨ លានដុល្លារឯណោះ។
ប្រភពរបស់ CarScoops បានឲ្យដឹងដែរថា Rolls-Royce អាចនឹងបង្ហាញរថយន្តនេះក្នុងកម្មវិធី Pebble Beach Concours d’Elegance នាខែសីហា។ ប៉ុន្តែដោយសារកម្មវិធីនេះត្រូវបានរំសាយចោលព្រោះការផ្ទុះជំងឺកូវីដ១៩ ដូចនេះគេរំពឹងថា Rolls-Royce អាចនឹងប្រើវិធីបង្ហាញរថយន្តតាមអនឡាញជំនួសវិញ៕