កុំប្រេស័រ (compressor) ជាបេះដូងនៃប្រព័ន្ធម៉ាស៊ីនត្រជាក់រថយន្ត ដែលមានតួនាទីជាច្រើន បង្កើតភាពត្រជាក់ក្នុងកាប៊ីនរថយន្ត និងជួយកម្ចាត់អ័ព្ទចេញពីកញ្ចក់រថយន្តក្នុងពេលអាកាសធាតុខាងក្រៅចុះត្រជាក់ជាដើម។ ប៉ុន្តែនៅពេលដែលកុំប្រេស័រចាប់ផ្តើមចុះខ្សោយ ឬខូច វានឹងលេចចេញសញ្ញាមួយចំនួនដូចខាងក្រោមនេះ៖

១. ព្រិលម៉ាស៊ីនត្រជាក់ លែងបញ្ចេញខ្យល់ត្រជាក់ ដោយមានតែខ្យល់ក្តៅ នោះដោយសារតែកុំប្រេស័រមិនអាចគ្រប់គ្រងសម្ពាធខ្យល់បានទៀតឡើយ។
២. មានខ្យល់ត្រជាក់ដែរប៉ុន្តែបាញ់ចេញខ្យល់តិចៗ ចេញពីព្រិលម៉ាស៊ីនត្រជាក់ ទោះបើកកម្រិតវាខ្លាំងយ៉ាងណាក៏ដោយ នេះវាអាចពាក់ព័ន្ធការចុះខ្សោយសមត្ថភាពធ្វើការរបស់កុំប្រេស័រ។
៣. មានសំឡេងលាន់ប្លែកចេញពីកុំប្រេស័រដែលស្ថិតនៅជាមួយប្លុកម៉ាស៊ីន ជាពិសេសក្នុងពេលបើកម៉ាស៊ីនត្រជាក់។
៤. ពេលកុំប្រូស័រខូច នឹងបណ្តាលឲ្យមានការលេចជ្រាបទឹកដែលមានជាតិរំអិល និងធុំក្លិនជាតិថ្នាំ នៅម្តុំកុំប្រូស័រ ឬក្នុងផ្នែកផ្សេងទៀតនៃប្រព័ន្ធម៉ាស៊ីនត្រជាក់។

ប្រសិនបើអ្នកកំពុងបើកបររថយន្ត ហើយស្រាប់តែជួបប្រទះសញ្ញាណាមួយក្នុងចំណោមសញ្ញាខាងលើនេះ ឬសញ្ញាផ្សេងៗទៀត ដែលអ្នកសង្ស័យថា អាចបណ្តាលមកពីបញ្ហាកុំប្រេស័រ ដំបូងបំផុតគឺបិទម៉ាស៊ីនត្រជាក់ជាបណ្តោះអាសន្នសិន ដើម្បីកាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរនៃប្រព័ន្ធម៉ាស៊ីនត្រជាក់ ហើយស្វែងរកការត្រួតពិនិត្យឲ្យបានត្រឹមត្រូវ នៅតាមការ៉ាស់ជំនាញឆាប់បំផុតតាមដែលអាចធ្វើបាន៕























