[ទីផ្សារបរទេស] សមាគមរថយន្តអាល្លឺម៉ង់ Allgemeiner Deutscher Automobil-Club ហៅកាត់ថា ADAC បានផ្ញើលិខិតបើកចំហរមួយទៅកាន់សមាជិករបស់ខ្លួន ដោយលើកទឹកចិត្តឲ្យសមាជិកកាត់បន្ថយការបើកបរ ឬកុំបើកបរតែម្ដងប្រសិនបើមិនចាំបាច់។
គោលបំណងនៃលិខិតនេះគឺដលម្បីកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈនាំចូលពីប្រទេសរុស្ស៊ី ខណៈដែលការឈ្លានពានរបស់រុស្ស៊ីចូលក្នុងទឹកដីប្រទេសអ៊ុយក្រែនបានចូលដល់ខែទីបីហើយ។
លិខិតបើកចំហរនេះបានចេញផ្សាយក្នុងថ្ងៃតែមួយដែលក្រុមហ៊ុនថាមពលគ្រប់គ្រងដោយរដ្ឋរុស្ស៊ី បានប្រកាសថានឹងបញ្ឈប់ការផ្គត់ផ្គង់ផលិតផលប្រេងឥន្ធនៈទៅកាន់ប្រទេសប៊ុលហ្គារី និងប្រទេសប៉ូឡូញ ដោយប្រទេសទាំងពីរបានដាក់ទណ្ឌកម្មលើរុស្ស៊ី ហើយប្រការនេះបានធ្វើឲ្យអាល្លឺម៉ង់មានការព្រួយបារម្ភផងដែរ ព្រោះប្រទេសនេះពឹងផ្អែកលើប្រេងឥន្ធនៈនាំចូលពីប្រទេសរុស្ស៊ី។
តាមនោះដែរ សមាគម ADAC បានលើកទឹកចិត្តដល់សមាជិកក្នុងប្រទេសអាល្លឺម៉ង់ ឲ្យជួយបន្ថយល្បឿនពេលបើកបរ បន្ថយការបើកបរ និងកុំបើកបរតែម្ដងប្រសិនបើមិនមានការចាំបាច់ទេនោះ។ សមាគមបានអំពាវនាវឲ្យមានការប្រើប្រាស់សេវាកម្មដឹកជញ្ជូនសាធារណៈ ហើយមានផ្លូវខ្លះទៀតអាចធ្វើដំណើរដោយថ្មើជើង ឬជិះកង់បាន៕