
បន្ទាប់ពីបំបែកកំណត់ត្រាលក់ដាច់បំផុតជាប់ៗគ្នាអស់រយៈពេល ៥ឆ្នាំ ពេលនេះ ក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំជាងរបស់ប្រទេសចិន បានប្រកាសកាត់បន្ថយគោលដៅលក់សម្រាប់ឆ្នាំ ២០២៥ របស់ខ្លួនហើយ ដោយក្នុងនោះ បានទម្លាក់មកត្រឹមចំនួន ៤,៦ លានគ្រឿង ប៉ុណ្ណោះ បន្ទាប់ពីកំណត់គោលដៅកាលពីដើមឆ្នាំចំនួន ៥,៥ លានគ្រឿង។
ក្នុងនោះ ចំពោះមូលហេតុនៃការកាត់បន្ថយគោលដៅលក់សម្រាប់ឆ្នាំ ២០២៥ របស់ក្រុមហ៊ុន BYD នេះ គឺដោយសារមានការប្រកួតប្រជែងពីសំណាក់ក្រុមហ៊ុនក្នុងស្រុកដូចជា Geely និង Leapmotor ។ ជាមួយគ្នានេះ វាក៏អាចនឹងបណ្តាលមកពីបញ្ហាសេដ្ឋកិច្ច និងវិបត្តិអចលនទ្រព្យ ឬកំណើនសេដ្ឋកិច្ចយឺតរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកផងដែរ ខណៈព័ត៌មានផ្លូវការនៃការផ្លាស់ប្តូរនេះ ខាងក្រុមហ៊ុនផ្ទាល់មិនបានបញ្ជាក់នោះឡើយ។
គួរបញ្ជាក់ថា ចំពោះការកាត់បន្ថយគោលដៅលក់នៅក្នុងឆ្នាំ២០២៥ នេះ នឹងនាំឲ្យកំណើនប្រចាំឆ្នាំរបស់ BYD មានប្រហែលតែ ៧% ប៉ុណ្ណោះ ពោលគឺមានកំណត់ត្រាយឺតបំផុតក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ ខណៈនៅក្នុងត្រីមាសថ្មីៗនេះវិញ ក្រុមហ៊ុន BYD ផ្ទាល់ ក៏បានជួបប្រទះនូវការធ្លាក់ចុះប្រាក់ចំណេញចំនួន ៣០% ជាលើកដំបូងក្នុងរយៈពេលជាង ៣ឆ្នាំមកនេះផងដែរ ចំណែកការលក់រថយន្តក្នុងស្រុកស្ទើរតែ ៨០% នៃទិន្នផលសរុបគឺទទួលការប៉ះពាល់៕