ទីផ្សាររថយន្តនៅអឺរ៉ុបត្រូវបាននាំមុខដោយសម្ព័ន្ធរថយន្ត Stellantis ដែលបានផ្ដួលសម្ព័ន្ធ Volkswagen Group ជាលើកដំបូង បន្ទាប់ពីសម្ព័ន្ធនេះបានរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មី ដែលនេះក៏ដោយសារជោគជ័យរបស់រថយន្ត Peugeot 2008, Dacia Sandero និងរថយន្ត Peugeot 208 ផងដែរ។
Stellantis កាន់កាប់ចំណែកទីផ្សារ ២១% សម្រាប់ខែតុលា ខណៈដែល Volkswagen មានចំណែកទីផ្សារ ២០,៧% ហើយក្នុងនោះដែររថយន្ត Volkswagen Golf ដែលធ្លាប់ជារថយន្តពេញនិយមមួយបានជ្រុះចេញពីតំណែងកំពូលទាំង១០ប្រចាំខែតុលាផងដែរ។
ចំនួនរថយន្តដែលចុះបញ្ជីសរុបនៅអឺរ៉ុបមានការធ្លាក់ចុះ ៣០% មកនៅត្រឹមចំនួន ៧៩០ ៦៥២គ្រឿង ដោយកត្តាចម្បងនោះគឺដោយវិបត្តិឈីបសកលដែលនៅបន្តព្យាបាទវិស័យយានយន្តនៅឡើយ។
គួរដឹងថាចំនួនរថយន្តអគ្គិសនីដែលបានចុះបញ្ជីបានបន្តមានកំណើននៅអឺរ៉ុប ដោយនៅខែតុលាវាសាងបានកំណត់ត្រាថ្មីជាមួយរថយន្តអគ្គិសនីសុទ្ធ និងរថយន្ត PHEV សរុបចំនួន ១៨១ ៣០០គ្រឿងបានចុះបញ្ជី ដែលធ្វើឲ្យរថយន្តអគ្គិសនីមានចំណែក ២២,៩% នៃចំនួនលក់សរុប៕