Toyota បានបញ្ជាក់កាលពីចុងខែធ្នូកន្លងទៅថារថយន្ត Toyota Land Cruiser ជំនាន់ 200 Series នឹងត្រូវបញ្ចប់ជីវិតនៅទីផ្សារសហរដ្ឋអាមេរិក ដោយរថយន្តជំនាន់ថ្មីអាចនឹងចូលខ្លួនមកជំនួសឆាប់ៗ។
ទាក់ទងនឹងរថយន្ត Land Cruiser ជំនាន់ថ្មីគេនៅមិនទាន់ដឹងអ្វីច្រើនអំពីវានៅឡើយទេ ប៉ុន្តែគេដឹងថាជម្រើសម៉ាស៊ីនចំណុះ ៥,៧លីត្រ ៨ស៊ីឡាំង កម្លាំង ៣៨១សេះ នឹងត្រូវជំនួសដោយម៉ាស៊ីន Twin-Turbo ចំណុះ ៣,៥លីត្រ ៦ស៊ីឡាំង។ មានន័យថាឪកាសក្នុងការទិញរថយន្ត Land Cruiser ម៉ាស៊ីន ៨ស៊ីឡាំងនៅសហរដ្ឋនឹងជិតដល់ទីបញ្ចប់ហើយ។
វាទំនងជាហេតុផលដែលធ្វើឲ្យចំនួនលក់រថយន្ត Land Cruiser នៅសហរដ្ឋអាមេរិកមានការកើនឡើងខុសពីធម្មតា ដោយកាលពីខែមករា រថយន្តនេះលក់ចេញបានសរុប ៦៨៩គ្រឿង។ ចំនួនប៉ុណ្ណេះអាចថាមិនច្រើន ប៉ុន្តែវាមានកំណើន ២២១% ឯណោះបើធៀបនឹងខែមករា ឆ្នាំ ២០២០។
Toyota បានទទួលស្គាល់ថាកំណើននៃតម្រូវការចំពោះរថយន្ត Land Cruiser ស៊េរីបច្ចុប្បន្ននេះគឺមានជាប់ទាក់ទងនឹងការប្រកាសរបស់ខ្លួនអំពីការបញ្ឈប់ការលក់រថយន្ត Land Cruiser នៅសហរដ្ឋអាមេរិកចាប់ពីរថយន្តស៊េរីឆ្នាំ បច្ចុប្បន្ននេះ៕