សេដ្ឋីជប៉ុនមួយរូបឈ្មោះ Tetsumi Shinchi បានចំណាយលុយប្រមាណ ៧,៥ លានដុល្លារ ទិញយករថយន្ត Fenyr SuperSport Launch Edition ម្ដង ៥ គ្រឿង ដោយមួយគ្រឿងមានតម្លៃប្រមាណ ១,៥ លានដុល្លារ។
ក្រុមហ៊ុន W Motors បានចែករំលែកដំណឹងនេះនៅលើទំព័រ Facebook របស់ខ្លួន ដោយមានភ្ជាប់ជាមួយរូបភាពបង្ហាញពី Fenyr SuperSport Launch Edition ជាច្រើនពណ៌ ដែលអាចជាជម្រើសរបស់សេដ្ឋីជប៉ុន។
គួរដឹងថារថយន្ត Fenyr SuperSport Launch Edition មានបំពាក់ដោយម៉ាស៊ីន Twin-Turbocharged ចំណុះ ៣,៨ លីត្រ មាន ៦ ស៊ីឡាំង អាចផលិតកម្លាំងបាន ៧៨០ សេះ។ វាមានភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ ៧ វគ្គ។
រថយន្តនេះមានតួខ្លួនផលិតពីសរសៃកាបូន ស្រោបដោយអាលុយមីញ៉ូម ដែលធ្វើឲ្យវាមានទម្ងន់ត្រឹម ១ ៣៤៩ គីឡូក្រាម។ ទម្ងន់ស្រាល និងម៉ាស៊ីនខ្លាំងទៀតនោះ អាចឲ្យ Fenyr SuperSport Launch Edition បង្កើនសន្ទុះពី ០ – ៩៦ គ.ម/ម៉ ក្នុងពេលត្រឹម ២,៨ វិនាទី និងអាចរត់ដល់ល្បឿន ៤០០ គ.ម/ម៉៕