ស្គាល់ឱ្យច្បាស់ដំណើរការពោងសុវត្ថិភាពឡាន និង ការប្រើដ៏ត្រឹមត្រូវបំផុត

ពោង​សុវត្ថិភាព គឺ​ជា​ពោង​ខ្យល់​ការពារ ដោយ​វា​ផ្ទុះ​បំប៉ោង​ឡើង​ដោយ​ស្វ័យប្រវត្តិ ប្រសិន​បើ​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​កើត​ឡើង។ នៅ​ពេល​ពោង​បំប៉ោង​ឡើង វា​ជួយ​ការពារ​អ្នក​បើកបរ ខណៈ​មាន​ការ​ជល់ និង​ប៉ះ​ទង្គិច​គ្នា ដែល​អាច​កាត់​បន្ថយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ឲ្យ​មក​ជា​គ្រោះថ្នាក់​ស្រាល​វិញ​បាន។

ប្រព័ន្ធ​ពោង​សុវតិ្ថភាព ជា​ទូទៅ​សំដៅ​ទៅ​លើ​ប្រព័ន្ធ​ពោង SRS។ រោងចក្រ​ផលិត​រថយន្ត​ខ្លះ ប្រើ​ពាក្យ ប្រព័ន្ធ​ពោង​ជំនួយ​គំហាត់​ដែល​អាច​បំប៉ោង​ឡើង (SIR) ឬ (AIR)។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សូម​មើល​ពាក្យ​សរសេរ​កាត់ SRS, SIR និង AIR ឬ​ពាក្យ Airbag ​នៅ​លើ​ចង្កូត​រថយន្ត ដើម្បី​ឱ្យ​ដឹង​ថា រថយន្ត​​បាន​បំពាក់​ពោង​សុវត្ថិភាព​សម្រាប់​អ្នក​បើកបរ​រថយន្ត។ អក្សរ​ដូច​គ្នា​ដែរ បាន​បង្ហាញ​នៅ​លើ​ផ្ទៃ​តាប្លូ​រថយន្ត , នៅ​កន្លែង​អង្គុយ , នៅ​ផ្នែក​ការពារ​ចំហៀង និង​នៅ​កន្លែង​ផ្សេងៗ ប្រសិន​បើ​រថយន្ត​បាន​បំពាក់​ពោង​សុវតិ្ថភាព​សម្រាប់​ការពារ​ផ្សេង​ទៀត។ ចំនួន​ទីតាំង​ដែល​ត្រូវ​បំពាក់​ពោង​សុវត្ថិភាព អាស្រ័យ​លើ​ម៉ូដែល​រថយន្តដូច​ជា៖

  • ពោង​សុវត្ថិភាព​អ្នកបើកបរ
  • ពោង​សុវត្ថិភាព​អ្នកដំណើរ
  • ពោង​សុវត្ថិភាព​ចំហៀង
  • ពោង​សុវត្ថិភាព​ជង្គង់
  • ពោង​សុវត្ថិភាព​វាំងនន

ដំណើរការ​ពោង​សុវត្ថិភាព​មាន ៣ ដំណាក់កាល៖

  • សេនស័រ​នៃ​ការ​ប៉ះទង្គិច យក​បាន​ព័ត៌មាន​នៃ​ការ​ប៉ះទង្គិច ហើយ​បញ្ជូន​សញ្ញា​ទៅ​ឱ្យ​ម៉ូឌុល​អេឡិចត្រូនិច (control unit)
  • ម៉ូឌុល​អេឡិចត្រូនិច យក​សញ្ញា​របស់​សេនស័រ ហើយ​ធ្វើ​ការ​ប្រៀបធៀប​ទិន្នន័យ ដែល​បាន​ផ្ទុក​នៅ​ក្នុង​ម៉ូឌុល​អេឡិចត្រូនិច ប្រសិន​បើ​សញ្ញា​របស់​សេនស័រ ទទួល​ស្គាល់​ថា​មាន​គ្រោះថ្នាក់​ចរាចរ​កើត​ឡើង សញ្ញា​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​ពោង​សុវត្ថិភាព
  • ម៉ូទ័រ​អគ្គិសនី ទទួល​សញ្ញា​នោះ ហើយ​ធ្វើ​ឱ្យ​ពោង​ខ្យល់​ផ្ទុះ​បំប៉ោង​ឡើង​តែម្តង

ពោង​សុវត្ថិភាព​ទាំង​អស់ មិនមែន​សុទ្ធ​តែ​ផ្ទុះ​ឡើង​ទេ នៅ​ពេល​មាន​គ្រោះថ្នាក់​ចរាចរ។ ប្រសិន​បើ​មាន​ការ​ប៉ះទង្គិច​នៅ​ផ្នែក តាម​ទិសដៅ​បណ្ដោយ​រថយន្ត នោះ​ពោង​សុវត្ថិភាព​ចំហៀង នឹង​បំប៉ោង​ឡើង​យ៉ាង​លឿន​បំផុត។

យ៉ាងណាក៏ដោយ យើង​ក៏​អាច​បិទ​ប្រព័ន្ធ​ពោង​សុវត្ថិភាព​អ្នកដំណើរ​ផង​ដែរ ប៉ុន្តែ​ស្ថិត​ក្នុងការ​ណែនាំ និង កាលៈទេសៈ ដូចជា៖

  • នៅ​ពេល​មាន​ក្មេង​តូច​អង្គុយ​ខាង​មុខ​ដោយ​ប្រើ​កៅអី​ការពារ​ក្មេង (baby seat)
  • នៅ​ពេល​មានក្មេង​កម្ពស់​ទាប​ជាង ១,៤ ម៉ែត្រ​អង្គុយ

បញ្ជាក់៖ នៅ​ត្រង់​ចំណុច​នេះ​ ប្រសិន​បើ​អ្នក​បើកបរ​រថយន្ត មិន​បាន​បិទ​ប្រព័ន្ធ​ពោង​សុវត្ថិភាព​ផ្នែក​អ្នកដំណើរ វា​នឹង​បង្កើន​គ្រោះថ្នាក់​ដល់​ក្មេង​តូច ប្រសិន​បើ​មាន​ការ​ប៉ះទង្គិច​រថយន្ត​កើត​ឡើង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម