បន្ទាប់ពីបានប្រកាសថានឹងផលិតរថយន្តអគ្គិសនីម៉ូដែល i4 រួចមក ក្រុមហ៊ុន BMW ក៏បានបញ្ជាក់ថា នឹងបញ្ចេញរថយន្តអគ្គិសនីផ្សេងទៀតដូចជា iNext និង iX3 SUV ផងដែរ។
មិនតែប៉ុណ្ណោះ ថ្មីៗនេះគេប្រមាញ់បានរូបថតជាច្រើនសន្លឹកនៃរថយន្ត BMW 7 Series ប្រើប្រាស់ថាមពលអគ្គិសនី ដែលទំនងត្រូវគេហៅថា i7 ដើម្បីប្រជែងនឹងរថយន្ត Mercedes EQS។
i7 ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងត្រកូល 7 Series ជាមួយនឹងម៉ូដែលប្រើម៉ាស៊ីនសាំង និងម៉ាស៊ូតធម្មតា ព្រមទាំងម៉ូដែលប្រើម៉ាស៊ីន Plug-in Hybrid ផងដែរ។ យោងតាមរបាយការណ៍បានឱ្យដឹងថា BMW i7 នឹងប្រើកញ្ចប់អាគុយកម្លាំង ៨០គីឡូវ៉ាត់ម៉ោង ដល់ ១២០គីឡូវ៉ាត់ម៉ោង។
តាមរយៈការប្រើប្រាស់កញ្ចប់អាគុយធំបែបនេះ រថយន្តអគ្គិសនី BMW i7 អាចមានចម្ងាយបើកបរដល់ ៧០០គីឡូវ៉ាត់រាល់ពេលសាកភ្លើងពេញម្តង។ ក្នុងនោះដែរ ក៏មានពាក្យចចាមអារ៉ាមនិយាយថា រថយន្តនេះនឹងចែកជា ២ម៉ូដែល គឺ i7 ធម្មតា និង i7S ហើយមានកម្លាំងដល់ ៦៥០សេះ និងអាចចេញលក់នៅចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ ខាងមុខនេះ៕