ស្ងាត់ៗ! ឡានអគ្គិសនី Tesla Model 3 និង Model Y បន្តឡើងថ្លៃទៀតហើយ!

តម្លៃរថយន្តរបស់ក្រុមហ៊ុន Tesla ហាក់ដូចជាប្រែប្រួលដូចខ្យល់អីចឹង។ នៅឆមាសទីមួយ នៃឆ្នាំ ២០២១ តម្លៃនៃម៉ូដែលពេញនិយមបំផុតរបស់ Tesla គឺ Model 3 និង Model Y បានផ្លាស់ប្តូរឥតឈប់ឈរ។

ឥឡូវនេះក្រុមហ៊ុន Tesla បានតម្លើងថ្លៃ Model 3 និង Model Y ដោយស្ងាត់ស្ងៀមនៅគ្រប់ម៉ូដែលទាំងអស់។ នៅសហរដ្ឋអាមេរិក Tesla Model 3 Standard Range Plus បានឡើងថ្លៃ ២ ០០០ ដុល្លារ កើនឡើងពី ៣៩ ៩៩០ ដុល្លារទៅ ៤១ ៩៩០ ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួររំលឹកឲ្យដឹងដែរថា កាលពីដើមឆ្នាំកន្លងទៅនេះ រថយន្ត Model 3 Standard Range Plus មានតម្លៃត្រឹមចាប់ពី ៣៦ ៩៩០ដុល្លារ ប៉ុណ្ណោះ ដូច្នេះបើគិតទៅវាឡើងថ្លៃខ្ទង់ ៥ ០០០ដុល្លារបាត់ទៅហើយ។ វាមានន័យថា Model 3 Standard Range Plus លែងជារថយន្ត Tesla ដែលមានតម្លៃថោកបំផុតទៀតហើយ ខណៈតំណែងនេះបានទៅលើភីកអាប់ Cybertruck ដែលមានតម្លៃចាប់ពី ៣៩ ៩០០ដុល្លារ។

ជាមួយគ្នានេះដែរ Model 3 Long Range AWD នៅតែរក្សាតម្លៃ ៤៩ ៩៩០ដុល្លារដដែល ប៉ុន្តែ Model 3 Performance បានឡើងពី ៥៦ ៩៩០ដុល្លារ ទៅ ៥៧ ៩៩០ដុល្លារ។

ដោយឡែក រថយន្ត Tesla Model Y Long Range Dual Motor ឥឡូវនេះមានតម្លៃចាប់ពី ៥៤ ៩៩០ដុល្លារ ពោលគឺឡើងថ្លៃ ២ ០០០ដុល្លារ។ រីឯ Model Y Performance វិញ ឥឡូវនេះមានតម្លៃ ៦០ ៩៩០ដុល្លារ។

សូមបញ្ជាក់ថា នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk ធ្លាប់បានបញ្ជាក់ប្រាប់រួចមកហើយថា ការឡើងថ្លៃជាញឹកញាប់នេះគឺបណ្តាលមកពី បញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម