ក្រុមហ៊ុនផលិតរថយន្តឥណ្ឌាមួយមានឈ្មោះថា Mean Metal Motors បានប្រកាសចេញរថយន្តអគ្គិសនីប្រភេទ Hypercar ថ្មី ហៅថា Azani។
ក្រុមហ៊ុន Mean Metal Motors អះអាងថា រថយន្តអគ្គិសនី Azani ប្រើប្រាស់គ្រោងឆ្អឹង carbon fiber monocoque ជាមួយនឹង aluminum crash structures។ វាបំពាក់ម៉ូទ័រអគ្គិសនីដែលបង្កើតកម្លាំងបានរហូតដល់ទៅ ១ ០០០សេះ ហើយអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២,១វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ ៣៥៤គីឡូម៉ែត្រក្នុងមួយម៉ោង។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ រថយន្ត Azani បំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ១២០គីឡូវ៉ាត់ម៉ោង ដែលអាចឲ្យវាបើកបរបានចម្ងាយដល់ ៣២៥ម៉ាយ៍ ឬ ៥២៣គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។
រថយន្តអគ្គិសនីឥណ្ឌាខាងលើនេះ មិនមែនខ្លាំងបានតែលើផ្លូវលាតត្រង់ប៉ុណ្ណោះទេ ប៉ុន្តែ Mean Metal Motors អះអាងថា Azani មានបំពាក់ប្រព័ន្ធបូម double-wishbone suspension ជាមួយនឹង adaptive damping និងប្រព័ន្ធចង្កូតអេឡិចត្រូនិច ទៀតផង។
លើសពីនេះទៅទៀត វាក៏មានបំពាក់ហ្វ្រាំងឌីស ventilated carbon-ceramic brake discs ជាមួយនឹងមុខងារ torque vectoring ព្រមទាំងមុខងារជំនួយការបើកបរជាច្រើន រួមទាំង adaptive cruise control, blind-spot detection, collision-avoidance system, emergency braking និង automatic lane changing ផងដែរ៕