ស្ងាត់ៗ MG បង្ហោះសួរហ្វេនពីរថយន្តម៉ូឌែលថ្មី សម្រាប់ទីផ្សារកម្ពុជា

[ទីផ្សារក្នុងស្រុក] កាលពីវេលាព្រឹកមិញកន្លងទៅ ទំព័រផ្លូវការនៃក្រុមហ៊ុននាំចូលរថយន្តផ្លូវការ MG Cambodia បានធ្វើការបង្ហោះឡើងនូវរូបភាព ដោយភ្ជាប់មកជាមួយនូវសំណួរទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា” បើរថយន្ត MG GT ស៊េរីថ្មីនេះមកដល់កម្ពុជា តើមានអ្នកគាំទ្រទេណ៎?” ដែលនេះបានបង្ហាញថារថយន្តនេះទំនងជាត្រៀមបង្ហាញវត្តមាននៅលើទីផ្សារប្រទេសកម្ពុជានាពេលឆាប់ៗនេះ។

សម្រាប់រថយន្ត MG GT ឬហៅថា MG 5 នៅលើទីផ្សារមួយចំនួន ត្រូវបានផលិតឡើងដោយទទួលបាននូវគំនិតនៃការឌីស្សាញឡើងពីរថយន្ត 1962 MGB GT ដោយមានប្រវែងសរុប ៤ ៦១២មម, ទទឹង ១ ៨៥៥មម, កម្ពស់ ១ ៤៨៨មម និងមានប្រវែងគម្លាតកង់ ១ ៦៥០មម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើក្រឡេកទៅមើលការឌីស្សាញនៃរថយន្តប្រភេទ Fastback Sports Sedan នេះត្រូវបានឌីស្សាញឡើងជាមួយរូបរាងនៃការរចនាបែបស្ព័រយ៉ាងទាក់ទាញ។ យោងតាមគេហទំព័រ MG នៅលើទីផ្សារបរទេសបានបង្ហាញអោយឃើញចំណុចដែលគួរអោយចាប់អារម្មណ៍បំផុតនៃផ្នែកខាងក្រៅ គឺបានបំពាក់ជាមួយ៖

  • ប៉ាណាខាងមុខដែល MG អោយឈ្មោះថា Digital Flame Grille
  • ចង្កៀងមុខ និងភ្លើងបំភ្លឺពេលថ្ងៃប្រភេទ LED
  • ថាសកង់ Tomahawk ទំហំ ១៧អ៊ីញ រចនាជា ២ពណ៌
  • ចង្កៀងក្រោយ Race Track Tail Lamps ប្រភេទ LED
  • ដំបូលកញ្ចក់ Wide Sunroof

ចំណែកផ្នែកខាងក្នុងនៃរថយន្តនេះ​ត្រូវបានទទួលនូវគំនិតនៃការរចនាពី Fighter-Jet ដោយបានប្រើប្រាស់ជាមួយពណ៌ក្រហម លាយជាមួយពណ៌ខ្មៅ ព្រមទាំងបានបំពាក់ជាមួយ

  • អេក្រង់កម្សាន្តទំហំ ១០អ៊ីញ ភ្ជាប់ជាមួយដោយមុខងារ Android Auto និង Apple Carplay
  • កុងទ័របង្ហាញទំហំ ១២,៣អ៊ីញ
  • ប៊ូតុងចាប់ផ្តើមដំណើរការម៉ាស៊ីន (Start)
  • ពោងសុវត្ថិភាពចំនួន ៦ចំណុច
  • កាំម៉េរា ៣៦០ដឺក្រេ និងប្រព័ន្ធជំនួយការបើកបរជាច្រើនបន្ថែមទៀត។

រថយន្ត MG GT ដំណើរការដោយម៉ាស៊ីនចំនួន ២ប្រភេទគឺ ចំណុះ ១,៥លីត្រ Turbo អាចផលិតកម្លាំងបាន ១៧៣សេះ និងកម្លាំងរមួល ២៥០ញ៉ូតុនម៉ែត្រ និងម៉ាស៊ីនចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១២០PS។

គួររំលឹកផងដែរថា ទាំងនេះគឺអ្វីដែលក្រុមការងារ ខេមបូ អូតូ ធ្វើការដកស្រង់ចេញពីគេហទំព័រផ្លូវការរបស់ MG នៅលើទីផ្សារបរទេស ហើយចំពោះសម្រាប់ទីផ្សារប្រទេសកម្ពុជាយើងពុំទាន់ដឹងនោះឡើយថាក្រុមហ៊ុនផ្លូវការនឹងធ្វើការនាំយករថយន្តនេះមកជាមួយលក្ខណៈពិសេសបែបណា និងមានតម្លៃប៉ុន្មាន? ប៉ុន្តែបើតាមការលេចលឺរថយន្តនេះមានតម្លៃប្រហាក់ប្រហែល ៣៨ ០០០ដុល្លារ។ ដូច្នេះ សម្រាប់ព័ត៌មានផ្លូវការ ក្រុមការងារនឹងធ្វើការរង់ចាំការប្រកាសចេញផ្លូវការពីក្រុមហ៊ុនផ្ទាល់៕ អរគុណ

ផ្ទាំងផ្សាយពាណិជ្ជកម្ម