
ដើម្បីបំពេញតម្រូវការរបស់អតិថិជន និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ខ្លួននៅទីផ្សារចិន ពេលនេះ ក្រុមហ៊ុន Tesla បានប្រកាសចាប់ដៃគ្នាជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនហើយ ដោយក្នុងនោះរួមមានក្រុមហ៊ុន DeepSeek និង ByteDance ។
ចំពោះគោលបំណងនៃការសហការគ្នានេះ គឺដើម្បីបង្កើតប្រព័ន្ធជំនួយការបញ្ជាតាមសំឡេង AI ថ្មី ដែលមានឈ្មោះថា “Hey Tesla” ។
ក្នុងនោះ សម្រាប់ប្រព័ន្ធជំនួយការថ្មីនេះ គឺត្រូវបានរចនាឡើងសម្រាប់ផ្តល់បទពិសោធន៍ប្រើប្រាស់ឆ្លាតវៃ និងងាយស្រួលជាងមុន ដោយអាចប្រើសំឡេងសម្រាប់គ្រប់គ្រងមុខងារជាច្រើននៅក្នុងរថយន្ត Tesla ។ ជាក់ស្តែង សម្រាប់ការបែងចែកតួនាទីវិញ បច្ចេកវិទ្យា Doubao LLM របស់ ByteDance នឹងប្រើប្រាស់សម្រាប់ការគ្រប់គ្រងការបញ្ជាទាក់ទងនឹងផ្នែកម៉ាស៊ីនត្រជាក់ ប្រព័ន្ធបើកបរ និងប្រព័ន្ធកម្សាន្ត ចំណែកបច្ចេកវិទ្យា DeepSeek chatbot វិញ គឺប្រើប្រាស់សម្រាប់ជាជាដៃគូសន្ទនា ដែលអាចឆ្លើយសំណួរ និងបង្ហាញព័ត៌មានជាដើម។
លើសពីនេះទៅទៀត សម្រាប់ប្រព័ន្ធដំណើរការទាំងនេះ ក៏នឹងដំណើរការនៅលើ Volcano Engine របស់ ByteDance ផ្ទាល់ផងដែរ៕