បុគ្គលិកនៃក្រុមហ៊ុនចែកចាយបានជួបរឿងដ៏អាក្រក់មួយនៅចំពោះមុខពួកគេ នៅពេលដែលជណ្តើរយន្តរថយន្តបានបាក់ដែលបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់រថយន្ត Ferrari Roma ដែលជារថយន្តដ៏កម្រមួយ។
ឧបទ្ទវហេតុនេះបានកើតឡើងកាលពីថ្ងៃអង្គារនៅឯក្រុមហ៊ុនចែកចាយរថយន្ត Ferrari នៅ Palm Beach County រដ្ឋ Florida នៅពេលដែលជណ្តើរយន្តរថយន្តដំណើរការខុសប្រក្រតី ខណៈពេលដែលអ្នកចែកចាយកំពុងផ្លាស់ប្តូររថយន្ត Roma ដែលជារថយន្តស្ព័រអ៊ីតាលីតម្លៃ ២៤៣ ៣៦០ដុល្លារ។
បន្ទាប់ពីកើតហេតុហើយ រឿងដំបូងដែលត្រូវធ្វើនោះ PBCFR Battalion10 បានធ្វើការទប់ការលេចធ្លាយប្រេងពីរថយន្ត Roma ដែលបំពាក់ម៉ាស៊ីន V8 ចំណុះ ៣,៩លីត្រ twin-turbocharged ដែលមានកម្លាំង ៦១២សេះនេះ។ ព្រមទាំងកាត់នូវចរន្តអគ្គសនីនៅក្នុងអគារទាំងមួយ ហើយទើបក្រុមហ៊ុនអូសទាញបាននាំយករថយន្តស្ទូចមកស្ទូចរថយន្តនេះចេញពីជណ្តើរយន្ត។
រថយន្ត Roma ត្រូវបានលើកចេញពីជណ្តើរយន្តបានដោយជោគជ័យ បន្ទាប់ពីចំណាយពេលមិនតិចជាងបួនម៉ោងទេ។ ក្នុងនោះគេមិនដឹងថា បញ្ហាអ្វីដែលបណ្ដាលឲ្យជណ្តើរយន្តរថយន្តនោះដំណើរការខុសប្រក្រតី ដែលធ្វើអោយធ្លាក់រថយន្តដ៏ថ្លៃមួយនេះខូចយ៉ាងដំណំបែបនេះនោះទេ៕