ស្តេចល្បឿន! ឡាន SSC Tuatara ជាន់ដល់កុងទ័រ ៤៧៤គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើចម្ងាយត្រឹម ៣,៧គីឡូម៉ែត្រ

ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តអាមេរិក SSC North America បានយករថយន្តរបស់ខ្លួនគឺ SSC Tuatara ទៅរត់ល្បឿន ដោយអាចបំបែកល្បឿន ២៩៥ម៉ាយ៍ក្នុងមួយម៉ោង ឬ ៤៧៤គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈចម្ងាយផ្លូវត្រឹមតែ ២,៣ម៉ាយ៍ ឬ ៣,៧គីឡូម៉ែត្រប៉ូណ្ណោះ នៅមជ្ឍមណ្ឌល Kennedy Space Center ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក។

ទោះបីជាយ៉ាងណាក៏ដោយ វាហាក់បីដូចជាអាចរត់បានលឿនជាងនេះទៅទៀត ប្រសិនបើមានផ្លូវសម្រាប់រត់វែងជាងនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួររំលឹកឲ្យដឹងផងដែរថា រថយន្តប្រភេទ Supercar នេះ បានព្យាយាមបំបែកល្បឿន ៣០០ម៉ាយ៍ក្នុងមួយម៉ោង អស់រយៈពេលជាច្រើនដងរួចមកហើយ។ វាបានចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ២០២០ ដោយពេលនោះ ក្រុមហ៊ុនខាងលើអះអាងថា រថយន្ត SSC Tuatara អាចរត់ដល់ល្បឿន ៣១៦ម៉ាយ៍ក្នុងមួយម៉ោង ឬ ៥០៨គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែក្រោយមកគេក៏បានរកឃើញថា ការកត់ល្បឿននោះមិនត្រឹមត្រូវឡើយ។

បន្ទាប់មកទៀត នៅក្នុងខែធ្នូ ឆ្នាំ២០២០ រថយន្ត SSC Tuatara បានធ្វើការរត់ម្តងទៀត បានល្បឿន ២៥១ម៉ាយ៍ក្នុងមួយម៉ោង ៤០៤គីឡូម៉ែត្រក្នុងមួយម៉ោង ដោយសារតែបញ្ហាកម្តៅនៅក្នុងម៉ាស៊ីន។

នៅក្នុងខែមករា ឆ្នាំ២០២១ វាបានរត់ដល់ល្បឿន ២៨២ម៉ាយ៍ក្នុងមួយម៉ោង ឬ ៤៥៥គីឡូម៉ែត្រក្នុងមួយម៉ោង ធ្វើឲ្យវាជាប់ឈ្មោះជា រថយន្តសម្រាប់លក់មានល្បឿនលឿនបំផុតលើពិភពលោក ប៉ុន្តែក្រុមហ៊ុនខាងលើនៅតែមិនទាន់ពេញចិត្ត ទើបធ្វើឲ្យមានការរត់មួយទៀតនេះកើតឡើង។

សូមបញ្ជាក់ថា រថយន្ត SSC Tuatara ប្រើប្រាស់គ្រោងឆ្អឹង carbon-fiber monocoque ហើយមានបំពាក់ម៉ាស៊ីន twin-turbo ចំណុះ ៥,៩លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ១ ៧៥០សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម