ស្ថានភាពចាំបាច់ និងអាសន្នណាខ្លះ ដែលត្រូវប្រើហ្វ្រាំងដៃ?

ហ្វ្រាំងដៃ (Handbrake) ឬហៅម្យ៉ាងទៀតថា ហ្វ្រាំងគ្រាអាសន្ន គឺជាប្រព័ន្ធហ្វ្រាំង​ដាច់ដោយឡែកផ្សេងពីហ្វ្រាំងជាន់​ថយល្បឿន និងបញ្ឈប់រថយន្ត។ ហ្រ្វាំងនេះ ស្ថិតនៅទីតាំងខុសៗគ្នា ទៅតាមប្រភេទរថយន្ត ដោយខ្លះស្ថិតនៅជិតចង្កឹះលេខ និងខ្លះទៀតស្ថិតនៅឈ្នាន់ខាងក្រោម ក្បែរឈ្នាន់ហ្រ្វាំងនិងឈ្នាន់ហ្គែរ។

ហ្វ្រាំងដៃ ត្រូវបាន​រចនាឡើងមកជាមួយរថយន្ត ដើម្បីឱ្យអ្នកបើកបរ​អាចប្រើប្រាស់​ក្នុងស្ថានភាពចាំបាច់មួយចំនួន និងករណីមាន​អាសន្នដូចខាងក្រោមនេះ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ពេលចត

ជាទូទៅនៅពេលចតរថយន្តលើផ្លូវរាបស្មើ អ្នកបើកបរគ្រាន់តែដាក់ចង្កឹះលេខ P ជាការស្រេច។ ប៉ុន្តែប្រសិន​បើចតរថយន្តនៅលើផ្លូវទួល ឬជម្រាល គឺចាំបាច់ត្រូវបន្ថែមដាក់ហ្រ្វាំងដៃ​ ដើម្បីធានាថា រថយន្តនឹងមិនរអិលទៅមុខ ឬមកក្រោយ ហើយវាក៏ជួយដល់ប្រអប់លេខមិនឱ្យប្រឹងផងដែរ។

  • ពេលកំពុងស្ទះនៅលើផ្លូវទួល

នៅពេលអ្នកកំពុងបើកបរឡើងផ្លូវទួល ប៉ុន្តែបានជួបការកកស្ទះ ដូច្នេះគប្បីគួរប្រើប្រាស់ហ្វ្រាំងដៃ ដើម្បីកុំឱ្យរអិលមកក្រោយ ព្រោះពេលដកជើងពីឈ្នាន់ហ្រ្វាំង មកជាន់ហ្គែរ គឺវាអាចនឹងទួងកង់ ឬរអិលមកក្រោយបន្តិច ដែលអាចប៉ះពាល់ដល់អ្នកដំណើរខាងក្រោយបាន។

  • ពេលឈប់ស្តុប

ប្រសិនបើអ្នកមិនចង់ជាន់ហ្វ្រាំង ឬប្តូរចង្កឹះលេខមកអក្សរ P ក្នុងអំឡុងឈប់ស្តុបក្រហមនោះទេ គឺអ្នកអាចដាក់ហ្វ្រំាងដៃ កុំឱ្យរថយន្តរំកិលទៅមុខក៏បានដែរ។

  • ពេល​មានករណី​អាសន្ន

ពេលបើករថយន្តសុខៗ​ស្រាប់តែមានបញ្ហាហ្វ្រាំង ដូចជាជាន់ហ្វ្រាំងមិនស៊ី ឬដាច់ហ្រ្វាំង​ជាដើម គឺ​លោកអ្នក​អាចប្រើប្រាស់ហ្វ្រាំងដៃជំនួស​ ដើម្បីជួយ​បន្ថយល្បឿនរថយន្ត។ ក្នុងករណីនេះ ក៏គប្បី​ប្តូរចង្កឹះលេខ​ពីអក្សរ D មកលេខ2 ឬអក្សរ L ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម