ស្ថានភាពទីផ្សារឡានអគ្គិសនីបច្ចុប្បន្ន និងការព្យាករណ៍សម្រាប់ថ្ងៃអនាគត

នៅឆ្នាំ២០១៥ ចំនួនរថយន្តអគ្គិសនីសុទ្ធដែលបើកបរលើដងផ្លូវពិភពលោកគឺមានត្រឹមប្រមាណ ១,៦ ទៅ ១,៧លានគ្រឿងប៉ុណ្ណោះ ហើយនៅក្នុងឆ្នាំ២០២០ តួលេខបានហក់ឡើងដល់ជាង ១០លានគ្រឿងនៅទូទាំងពិភពលោក។

ចំនួនលក់ជាសកលសម្រាប់រថយន្តអគ្គិសនីគឺមានកំណើន ៤៣% នៅឆ្នាំ២០២០ បើធៀបនឹងឆ្នាំ២០១៩ ជាតួលេខដ៏អស្ចារ្យមួយ ហើយខណៈពេលដែលឧស្សាហកម្មយានយន្តដាំក្បាលចុះដោយសារឥទ្ធិពលជំងឺឆ្លង គឺមានតែរថយន្តអគ្គិសនីប៉ុណ្ណោះដែលឃើញមានភាពរីកចម្រើនខ្លាំង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្ននេះរថយន្តអគ្គិសនីមានចំណែកត្រឹម ៥% ប៉ុណ្ណោះ ក្នុងទីផ្សារឧស្សាហកម្មយានយន្តទាំងមូល ប៉ុន្តែទំហំនេះនឹង​មានការ​ផ្លាស់ប្ដូរក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀតនេះ។ អ្នកជំនាញបានព្យាករណ៍ថានៅត្រឹមឆ្នាំ២០២៥ ប្រមាណ ២០% នៃរថយន្តដែលលក់ចេញលើសកលលោកនឹងជារថយន្តអគ្គិសនី ហើយនៅត្រឹមចុងឆ្នាំ២០៣០ វានឹងកើនឡើងដល់ ៤០% រហូតដល់​ចុងឆ្នាំ២០៤០ ស្ទើរតែគ្រប់រថយន្តដែលបានលក់ចេញនឹងជារថយន្តអគ្គិសនី។

នៅឆ្នាំ២០២០កន្លងទៅនេះ អតិថិជនបានចំណាយទឹកប្រាក់ប្រមាណ ១២០ពាន់លានដុល្លារលើរថយន្តអគ្គិសនី ដែលបានកើនឡើង ៥០% បើធៀបនឹងឆ្នាំ២០១៩។ ក្នុងនោះដែររដ្ឋាភិបាលបានចំណាយទឹកប្រាក់ ១៤ពាន់លានដុល្លារ ក្នុងការជួយលើកទឹកចិត្តដល់ពលរដ្ឋដែលសម្រេចចិត្តប្រើប្រាស់រថយន្តអគ្គិសនី។

នៅទូទាំងពិភពលោក មានរថយន្តអគ្គិសនីថ្មីចំនួនប្រមាណ ៣៧០ម៉ូដែលបានប្រកាសចេញក្នុងឆ្នាំ២០២០ ដែលកើនឡើង ៤០% ឯណោះ។ នៅប្រទេសចិនមានជម្រើសរថយន្តអគ្គិសនីច្រើនជាងគេ ប៉ុន្តែអឺរ៉ុបគឺជាទីផ្សារ​ដែល​មាន​កំណើនម៉ូដែលរថយន្តអគ្គិសនីច្រើនជាងគេ។

ទាក់ទងនឹងស្ថានីយសាកភ្លើងវិញ នៅក្នុងឆ្នាំ២០២០ ស្ថានីយសាកភ្លើងបានកើនឡើងដល់ ១,៣លានស្ថានីយ ដោយក្នុងនោះមាន ៣០% គឺជាស្ថានីយសាកភ្លើងល្បឿនលឿន ហើយ​ប្រទេសចិនមានស្ថានីយសាកភ្លើងច្រើនជាងគេដែលមានសរុបប្រមាណ ១,០៤លានទីតាំង។

នាពេលខាងមុខនេះ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធនៃស្ថានីយសាកភ្លើងអគ្គិសនីគឺជារឿងសំខាន់មួយសម្រាប់ឧស្សាហកម្មរថយន្តអគ្គិសនីទាំងមូល បន្ថែមពីលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍នៃអាគុយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម