ស្ថានីយបញ្ចូលថាមពល EV នឹងមាននៅតាម​តេលាខ្មែរជាច្រើនទីតាំងក្នុងរាជធានីភ្នំពេញ

បណ្តាស្ថានីយតេលាខ្មែរជាច្រើនទីតាំង ត្រូវបានស្នើសុំអភិវឌ្ឍស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ដោយត្រូវបានមន្រ្តីជំនាញ​របស់អាជ្ញាធរអគ្គិសនីកម្ពុជា សហការជាមួយមន្រ្តីជំនាញរបស់ក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងអ្នកផ្គត់ផ្គង់អគ្គិសនី ចុះពិនិត្យទីតាំងរួចមកហើយ កាលពីថ្ងៃទី១៦ ដល់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ​២០២៥។

តេលាខ្មែរ ដែលគ្រោងដាក់ស្ថានីយបញ្ចូលថាមពល EV នេះ រួមមាននៅទួលគោក ទួលសង្កែ ផ្សារតូច ស្តាតចាស់ ភ្នំពេញថ្មី ចំការមន ម៉ៅសេទុង ទួលទំពូង ទួលស្វាយព្រៃ ដង្កោ សាមគ្គី២៧១ Northbridge តាខ្មៅ និង ឯករាជ្យ២។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅអំឡុងដើមឆ្នាំ២០២៦ខាងមុខនេះ ក្នុង១ខេត្ត នៃប្រទេសកម្ពុជា នឹង​មាន​ស្ថានីយបញ្ចូលថាមពលយានយន្ត​អគ្គិសនី យ៉ាងហោចណាស់ ២ ទៅ ៣កន្លែង ដើម្បីជំរុញ​ការប្រើប្រាស់​រថយន្តប្រភេទនេះ។ នេះបើតាមការបញ្ជាក់របស់លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា កាលពីពេលថ្មីៗនេះ។

គួរដឹងថា រាល់ការធ្វើសេវាកម្ម​បញ្ចូលថាមពលយានយន្តអគ្គិសនី ត្រូវមានអាជ្ញាបណ្ណចេញដោយ អាជ្ញាធរអគ្គិសនីកម្ពុជា។ ស្ថានីយបញ្ចូលថាមពល​ដែលមានអាជ្ញាបណ្ណ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖

-ធ្វើអាជីវកម្មស្របច្បាប់ និងការពារដោយច្បាប់

-ពុំមានការបង់ប្រាក់កក់ និងប្រាក់ភ្ជាប់ចរន្ត

-ពុំមានការចំណាយលើការវិនិយោគប្រព័ន្ធបណ្តាញអគ្គិសនី និងត្រង់ស្វូ

-មានការកំណត់ថ្លៃទិញ និងថ្លៃលក់អគ្គិសនីត្រឹមត្រូវ

-ប្រើប្រព័ន្ធគ្រប់គ្រងស្ថានីយ និងកម្មវិធីទូរសព្ទរួម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម