ស្ថានីយបញ្ជូលថាមពល EV ថ្មី ត្រូវបានស្នើសុំដាក់ទីតាំងនៅខេត្តកោះកុង បន្ទាយមានជ័យ និងព្រះវិហារ

ស្របពេលការប្រើប្រាស់​រថយន្តអគ្គិសនី មានការកើនឡើង​ក្នុងប្រទេសកម្ពុជា ការដាក់ពង្រាយស្ថានីយបញ្ចូលថាមពល ក៏កាន់តែច្រើនឡើងផងដែរ ដើម្បីឆ្លើយតបនឹងតម្រូវការ។

កាលពីចុងខែវិច្ឆិកាកន្លងទៅ ខាងវិស័យឯកជនមួយចំនួនបានស្នើសុំដាក់ទីតាំង​ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី នៅតាមបណ្តារាជធានីខេត្តដូចជា ភ្នំពេញ កោះកុង បន្ទាយមានជ័យ ព្រះវិហារ និងកំពង់ស្ពឺ ដោយត្រូវបាន​មន្រ្តីជំនាញ ចុះពិនិត្យទីតាំងទាំងនោះ គិតពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២៥។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើតាមការបញ្ជាក់របស់​លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ឲ្យដឹងថា នៅអំឡុងដើមឆ្នាំ២០២៦ខាងមុខនេះ ក្នុង១ខេត្ត នៃប្រទេសកម្ពុជា នឹង​មាន​ស្ថានីយបញ្ចូលថាមពលយានយន្ត​អគ្គិសនី យ៉ាងហោចណាស់ ២ ទៅ ៣កន្លែង ដើម្បីជំរុញ​ការប្រើប្រាស់​រថយន្តប្រភេទមិនបញ្ចេញផ្សែងនេះឲ្យបានកាន់តែច្រើនថែមទៀត។

គួរដឹងថា រាល់ការធ្វើសេវាកម្ម​បញ្ចូលថាមពលយានយន្តអគ្គិសនី ត្រូវមានអាជ្ញាបណ្ណចេញដោយ អាជ្ញាធរអគ្គិសនីកម្ពុជា។ ស្ថានីយបញ្ចូលថាមពល​ដែលមានអាជ្ញាបណ្ណ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖

-ធ្វើអាជីវកម្មស្របច្បាប់ និងការពារដោយច្បាប់

-ពុំមានការបង់ប្រាក់កក់ និងប្រាក់ភ្ជាប់ចរន្ត

-ពុំមានការចំណាយលើការវិនិយោគប្រព័ន្ធបណ្តាញអគ្គិសនី និងត្រង់ស្វូ

-មានការកំណត់ថ្លៃទិញ និងថ្លៃលក់អគ្គិសនីត្រឹមត្រូវ

-ប្រើប្រព័ន្ធគ្រប់គ្រងស្ថានីយ និងកម្មវិធីទូរសព្ទរួម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម