ក្រុមហ៊ុន Toyota ប្រចាំប្រទេសថៃបានប្រកាសថា រថយន្ត Toyota Corolla Altis ជំនាន់ថ្មី នឹងត្រូវដាក់លក់ក្នុងខែសីហា ឆ្នាំ ២០១៩ ខាងមុខ ហើយមានរូបរាងដូច Corolla Altis តៃវ៉ាន់អីចឹង ។
រថយន្ត Corolla Altis ថៃ អាចនឹងចេញលក់រហូតដល់ទៅ ៣ ជម្រើសឯណោះ ។ ទី១ គឺ ម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ កម្លាំង ១៣២ សេះ ប្រើលេខដៃ ឬ អូតូ ប្រភេទ CVT ៦ វគ្គ ។
ទី២ គឺ ម៉ាស៊ីនសាំងចំណុះ ១,៨ លីត្រ កម្លាំង ១៤០ សេះ ប្រើប្រអប់លេខអូតូ ប្រភេទ Super CVT-i ។ ទី៣ គឺ ម៉ាស៊ីន Hybrid ចំណុះ ១,៨ លីត្រ កម្លាំង ១២២ សេះ ជាមួយម៉ូទ័រអគ្គិសនីកម្លាំង ៧២ សេះ ។ ចំណែកឯរថយន្ត Corolla សម្រាប់ទីផ្សារសហរដ្ឋអាមេរិកវិញ ប្រើម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Dynamic Force កម្លាំង ១៦៩ សេះ ។
Corolla Altis ជំនាន់ទី ១២ ដែលប្រើគ្រោងឆ្អឹង Toyota New Global Architecture (TNGA) នេះ ទទួលបានការរចនារូបរាងថ្មីទាំងស្រុង ។ វាមានតួខ្លួនប្រវែង ៤,៦៤០ មីល្លីម៉ែត្រ , ទទឹង ១,៧៨០ មីល្លីម៉ែត្រ និង កម្ពស់ ១,៤៣៥ មីល្លីម៉ែត្រ ធ្វើឱ្យវាវែងជាងមុន ១០ មីល្លីម៉ែត្រ , ទទឹងធំជាងមុន ៥ មីល្លីម៉ែត្រ និង ទាបជាងមុន ៤៥ មីល្លីម៉ែត្រ ។ ការកាត់បន្ថយកម្ពស់នេះនឹងជួយឱ្យរូបរាងវាមើលទៅកាន់តែ Dynamic ខ្លាំងជាងមុន ។
តម្លៃនៃរថយន្ត Toyota Corolla Altis ជំនាន់ថ្មី នឹងត្រូវប្រកាសនៅថ្ងៃចេញលក់តែម្តង ៕