ស្អាតប្លែក! រូបរាងឡានអគ្គិសនីខ្នាតតូចថ្មីរបស់ក្រុមហ៊ុន Changan

[ទីផ្សារបរទេស] រថយន្ត Changan Lumin Corn បានបង្ហាញវត្តមានជាផ្លូវការលើទីផ្សារប្រទេសចិន ក្នុងនាមជារថយន្តអគ្គិសនីខ្នាតតូចថ្មីដែលចូលមកប្រជែងនឹងរថយន្តអគ្គិសនី Wuling Mini EV ដែលជារថយន្តអគ្គិសនីលក់ដាច់ជាងគេនៅប្រទេសចិន។

Lumin Corn ត្រូវបានបង្កើតដោយក្រុមហ៊ុន Changan New Energy រួមជាមួយក្រុមហ៊ុន CATL ដែលបានប្រើប្រាស់គ្រោងឆ្អឹងរបស់ Changan ឈ្មោះថា EPA0។ ដូចគ្នានឹង Wuling Mini EV រថយន្តនេះមានទំហំតូចមែនទែន ដោយមានប្រវែង៣២៧០ម.ម មានកម្ពស់១៧០០ម.ម មានទទឹង៣២៧០ម.ម និងប្រវែងកង់មុខទៅកង់ក្រោយគឺ១៩៨០ម.ម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយទំហំដ៏តូចនេះដែរ វាក៏មានបំពាក់មកជាមួយនូវអាគុយដែលមានទំហំ ១២,៩២kWh និងមួយទៀតទំហំ ១៧,៦៥kWh ដែលមួយ​អាចបើកបរបានចម្ងាយប្រមាណ ១៥៥គ.ម និងមួយទៀតអាចទ្រាំទ្របាន ២១០គ.ម។ ក្រុមហ៊ុនក៏មានគម្រោងបញ្ចេញលក់ប្រភេទអាគុយ ២៧,៩៩kWh ដែលបើកបរបានចម្ងាយ ៣០១គ.ម នៅពេលក្រោយផងដែរ។

រថយន្ដដែលមានអាគុយទាំងពីរប្រភេទខាងលើ នឹងមានបំពាក់ដោយម៉ូទ័រអគ្គិសនីដែលផលិតកម្លាំងបាន ៤១សេះ ហើយម៉ូទ័រកម្លាំង ៤៨សេះ អាចនឹងបង្ហាញមុខនៅក្នុងពេលបន្ទាប់ទៀត។

ត្បិតថាមានទំហំតូច ប៉ុន្តែរថយន្ត Lumin Corn មានកៅអីអង្គុយចំនួនបួន ហើយផ្នែកខាងក្នុងក៏មានបំពាក់មុខងារទំនើបៗមួយចំនួន មានដូចជាកុងទ័រប្រភេទឌីជីថល, មានអេក្រង់កម្សាន្តទំហំ ១០,២៥អ៉ីញ, មានប៊ូតុងបញ្ជាសីតុណ្ហភាព និងមានចង្កូតជាប្រភេទ Three-Spoke ផងដែរ។

តម្លៃរថយន្តនេះនៅមិនទាន់ប្រកាសនៅឡើយទេ ប៉ុន្តែដឹងថាវានឹងមានដាក់លក់នៅប្រទេសចិននៅអំឡុងឆមាសទីពីរនៃឆ្នាំ២០២២នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម