[ទីផ្សារបរទេស] នៅពេលដែល Bugatti ប្រកាសចេញរថយន្ត Centodieci កាលពីឆ្នាំ២០១៩ វាមានតម្លៃប្រមាណ ៨លានអឺរ៉ូ (តម្លៃមុនគិតពន្ធ) ដែលស្មើប្រមាណ៩លានដុល្លារជាមួយហាងឆេងប្ដូរប្រាក់នាពេលបច្ចុប្បន្ន។
ថ្មីៗនេះដែរមានហាងលក់រថយន្តមួយកន្លែងនៅប្រទេសជប៉ុនចង់ដាក់លក់រថយន្តដែលផលិតមានកំណត់ត្រឹម១០គ្រឿងនេះ ក្នុងតម្លៃ ១២,៥លានអឺរ៉ូ ឬស្មើប្រមាណ ១៤លានដុល្លារ។ ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺរថយន្ត Centodieci មិនទាន់ផលិតរួចរាល់នៅឡើយទេ គឺត្រូវចាំរហូតដល់ឆ្នាំក្រោយ ទើបអតិថិជនចាប់ផ្ដើមទទួលបានរថយន្ត។
Bugatti Centodieci ត្រូវបានដាក់លក់ដោយហាងមួយ ដែលបានដាក់លក់លើវិបសាយលក់រថយន្តប្រណីតរបស់ហូឡង់ដែលមានឈ្មោះថា James Edition។ រថយន្តមួយគ្រឿងនេះបានកំណត់ថានឹងដឹកជញ្ជូនជូនអតិថិជននៅអ៉ីតាលី នៅខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។
គួរដឹងថា Bugatti Centodieci គឺជារថយន្តដែលផលិតឡើងជាពិសេសដើម្បីអបអរសាទរខួបទី១១០ឆ្នាំនៃការបង្កើតក្រុមហ៊ុន Bugatti និងដើម្បីឧទ្ទិសដលើរថយន្ត EB110 ផងដែរ។
រថយន្តនេះមានបំពាក់ម៉ាស៊ីន១៦ស៊ីឡាំង ចំណុះ៨,០លីត្រ ដែលអាចផលិតកម្លាំងបាន ១៦០០សេះ អាចឲ្យរថយន្តស្ទុះដល់ ១០០គ.ម/ម៉ភ្លាមៗក្នុងពេលត្រឹម ២,៤វិនាទី និងមានល្បឿនអតិបរមាដែលកំណត់ត្រឹម ៣៨០គ.ម/ម៉៕