បើតាមទិន្នន័យរបស់ក្រុមហ៊ុនអាល្លឺម៉ង់ BASF បានបង្ហាញឲ្យដឹងថាមានពណ៌ចំនួន ៤ ដែលត្រូវបានប្រើប្រាស់ច្រើនជាងគេលើរថយន្តនៅក្នុងឆ្នាំ ២០១៩ ដែលក្នុងនោះមានពណ៌ស (៣៩%) ពណ៌ខ្មៅ (១៦%) ពណ៌ប្រផេះ (១៣%) និងពណ៌ប្រាក់ (១០%)។
មានហេតុផលមួយចំនួនដែលធ្វើឲ្យពណ៌ស ពណ៌ខ្មៅ ពណ៌ប្រផេះ និងពណ៌ប្រាក់ ទទួលបានការពេញនិយមខ្លាំង ដែលក្នុងនោះរាប់បញ្ចូលទាំងរឿងពិតដែលថាពណ៌ទាំងនេះគឺស៊ីជាមួយពណ៌គ្រប់យ៉ាង ហើយរថយន្តស្ទើរតែទាំងអស់មានជម្រើសពណ៌ទាំងនេះ។ ពណ៌ទាំងនេះមិនងាយហួសសម័យ ខុសពីពណ៌ផ្សេងៗមួយចំនួនដែលធ្វើឲ្យរថយន្តខាតតម្លៃខ្លាំងពេលលក់ចេញ។
ក្នុងទីផ្សារមួយចំនួន អតិថិជននិយមទិញរថយន្តពីហាងលក់ផ្ទាល់ៗ ដោយមិនពេញនិយមកុម្ម៉ង់ម៉ូដជាពិសេសនោះទេ។ ចំណុចនេះគឺងាយស្រួលសម្រាប់អតិថិជន ប៉ុន្តែហាងលក់រថយន្តជាទូទៅដាក់បង្ហាញតែរថយន្តពណ៌ស ឬពណ៌ខ្មៅ ដើម្បីទាក់ទាញអតិថិជន និងអាចលក់ចេញបានលឿន ដោយសារជាពណ៌ពេញនិយម៕