
[បរទេស] រថយន្ត Mazda CX-5 គឺជាម៉ូឌែលលក់ដាច់បំផុតរបស់ត្រកូល Mazda គិតមកដល់ពេលបច្ចប្បន្ន ដោយគិតចាប់ចាប់ពីពេលចេញដំបូងឆ្នាំ២០១២ លក់បានសរុបរហូតដល់ ៤ ៧៦១ ៣២៩គ្រឿង ហើយម៉ូឌែលជំនាន់ថ្មីទី៣ ក៏ទើបបង្ហាញខ្លួនផ្លូវការនាពេលថ្មីៗនេះផងដែរ ជាមួយការពង្រីកទំហំតួរខ្លួន ផ្លាស់ប្តូរមុខមាត់ថ្មី ជាពិសេសគឺផ្នែកខាងក្នុងដោយ Mazda បានដកប៊ូតុងមុខងារសំខាន់ចេញស្ទើតែទាំងអស់។
យោងតាមប្រធានគ្រប់គ្រង់មុខងារសាធារណ:របស់ Mazda ប្រចាំអាមេរិចខាងជើង លោក Tamara Mlynarczyk បានបង្ហាញថា ការផ្លាស់ប្តូរថ្មីនេះគឺស្របតាមការសិក្សារបស់ក្រុមហ៊ុនទៅលើមតិកែលំអររបស់អតិថិជនខ្លួន ដែលបានបង្ហាញថា អតិថិជនចូលចិត្តនូវអេក្រង់ប្រព័ន្ធកម្សាន្តកណ្តាលធំ។ ដូច្នេះហើយទើបក្រុមហ៊ុនសម្រេចចិត្តបង្កើតនូវប្រព័ន្ធប្រតិបត្តិការ HMI ថ្មីដែលងាយស្រួលក្នុងការប្រើប្រាស់ និងសុវត្ថិភាពនៅពេលបើកបរ។ ដោយ CX-5 បានប្តូរពីបើប៊ូតុងមុខងាររញ៉េរញ៉ៃទៅជាការចុច Touch នៅលើអេក្រង់កម្សាន្តថ្មីទំហំរហូតដល់ ១៥,៦អ៊ីញ ឬបញ្ជាតាមសម្លេងវិញម្តង។ ប៉ុន្តែបើយើងក្រឡេកមើលទៅលើឡានអគ្គិសនីគឺវាដំណើរការបែនេះយូរហើយ ជាពិសេសដូចឡានអគ្គិសនី Mazda EZ-6 និង EZ-60 ផងដែរ។
គួរបញ្ជាក់ផងដែរថា Mazda CX-5 ជំនាន់ថ្មីទី៣ នឹងចេញលក់ផ្លូវការនាដើមឆ្នាំក្រោយ ជាមួយជម្រើសម៉ាស៊ីនទាំងប្រភេទប្រើចំហេះក្នុង និងកូនកាត់ ប៉ុន្តែប្រភេទកូនកាត់នឹងបញ្ចេញនៅពេលជិតចេញលក់ជាមួយតម្លៃ។ សម្រាប់ម៉ាស៊ីនចំហេះ ដំណើរការដោយម៉ាស៊ីន SkyActiv-G ចំណុះ ២,៥លីត្រ ៤ស៊ីឡាំង ផលិតកម្លាំងបាន ១៨៧សេះ និងកម្លាំងរមួល ២៥១ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ ៦វគ្គ៕