រថយន្តបាត់ប្រេងម៉ាស៊ីន ជារឿងមួយដែលវាបណ្តាលមកពីការលេចជ្រាបផ្សេងៗ និងការខូចសឹករិចរិលនៃគ្រឿងបង្គុំជាដើម។ យ៉ាងណាមិញ បើសិនចាក់ប្រេងថែមដល់លើសចំណុះវិញ វានឹងទុក្ខកាន់តែខ្លាំងដល់ម៉ាស៊ីន។
នៅពេលប្រេងម៉ាស៊ីនត្រូវបានចាក់លើសពីកម្រិត Maximum របស់វា បើលើសបន្តិចបន្តួច មិនមានបញ្ហាអ្វីទេ ប៉ុន្តែបើលើសកាន់តែច្រើន ឬលើសចាប់ពីកន្លះលីត្រឡើងទៅ នឹងបង្កផលប៉ះពាល់ដូចខាងក្រោមនេះ៖

១. ចេញផ្សែង៖ ប្រេងដែលចាក់លើសនោះ នឹងចូលដល់បន្ទប់ចំហេះដែលវានឹងត្រូវដុតចោលជាមួយឥន្ធនៈ និងខ្យល់ ហើយចេញផ្សែងតាមបំពង់ស៊ីមាំង។
២. ខូចប៊ូស៊ី៖ ពេលដែលមានប្រេងច្រើន ចូលក្នុងបន្ទប់ចំហេះ វាក៏នឹងរុំព័ទ្ធប៊ូស៊ីដែលជាអ្នកបាញ់ផ្កាភ្លើងនោះដែរ ធ្វើឲ្យក្បាលប៊ូស៊ីខ្មៅឆាប់ខូច។
៣. លេចប្រេង៖ សម្ពាធផ្នែកខាងក្នុងនឹងកើនឡើង ហើយនឹងរុញប្រេងដែលលើសនោះបញ្ចេញតាមរ៉ង និងហ្វឺតផ្សេងៗ។
៤. ម៉ាស៊ីនស្ទក់៖ នៅពេលមានប្រេងច្រើនលើសលុបពេក គឺវាមិនអាចបំពេញការងារបានល្អឡើយក្នុងការរំអិលដល់គ្រឿងបង្គុំម៉ាស៊ីន ដែលជាហេតុធ្វើឲ្យដំណើរការម៉ាស៊ីនកាន់តែស្ទក់ ឬឆាប់សឹករិចរិលថែមទៀតផង៕




















