ហេតុអ្វីគេមិនឲ្យចាក់ទឹកចូលក្នុងធុងទឹកសាគួររបស់​រថយន្ត ឲ្យពេញតែម្តង?

ធុងទឹកសាគួររបស់​រថយន្ត (Coolant Reservoir) មិនត្រូវបានណែនាំ​ឲ្យចាក់ពេញតែម្តង ដូចធុងទឹកមេ (Radiator) នោះទេ។ ធុងទឹកសាគួរនេះ គឺត្រូវបានកំណត់កម្រិតទាបបំផុត (MIN) និងកម្រិតខ្ពស់បំផុត (MAX) មានន័យថា ធុងទឹកសាគួរ ត្រូវឲ្យចាក់ទឹកត្រឹមគំនូស MAX តែប៉ុណ្ណោះ ដោយត្រូវទុកចន្លោះទំនេរនៅរវាងគំនូស MAX នេះ និងគម្របធុង។

មូលហេតុ​ដែលត្រូវទុកចន្លោះឲ្យទទេរបែបនេះ ព្រោះធុងទឹកសាគួរ មានតួនាទីទទួលយកទឹកបន្ថែម ដោយសារក្នុងពេលម៉ាស៊ីនដំណើរការដល់សីតុណ្ហភាពប្រតិបត្តិការ ពេលនោះ ទឹកក៏នឹងឡើងកម្តៅដែរ ហើយកម្រិតទឹកកើនឡើងលើសពីធម្មតា។ ដូច្នេះហើយ កម្រិតទឹកដែលលើសនេះ នឹងត្រូវរត់ចូលទៅក្នុងធុងទឹកសាគួរ ដែលវាមិនបណ្តាលឲ្យហៀរចេញមកក្រៅនោះទេ។ យ៉ាងណាមិញ នៅពេលដែលពន្លត់ម៉ាស៊ីនរថយន្ត ហើយម៉ាស៊ីនចុះត្រជាក់វិញ ទឹកក្នុងធុងទឹកសាគួរ នឹងស្រកចុះមកកម្រិត Max វិញដដែល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមលើសនេះ បើមានអ្វីមិនប្រក្រតីមួយចំនួននៃដំណើរការម៉ាស៊ីន ធុងទឹកសាគួរនេះ ក៏ជួយឲ្យយើងអាចកំណត់បញ្ហាបានផងដែរ ដូចជា៖

១. កម្រិតទឹកទាប៖ ប្រសិនបើពិនិត្យឃើញកម្រិតទឹកទាប​ក្នុងធុងទឹកសាគួរ គឺវាបង្ហាញថា មានការលេចជ្រាបបាត់ទឹក ឬមានបញ្ហាក្នុងប្រព័ន្ធបញ្ចុះកម្តៅ។

២. ទឹកពុះ៖ បន្ទាប់ពីបញ្ឆេះម៉ាស៊ីនរថយន្ត បានតែប៉ុន្មាននាទី តែឃើញមានទឹកពុះក្នុងធុងទឹកសាគួរ គឺវាអាចបង្ហាញពីអការៈនៃការឆ្លងរ៉ងក្បាលគុយឡាស់ ខូចក្លាប៉េទឹក ឬអាចខូចគម្របធុងទឹកមេ (Radiator Cap) ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម