រថយន្តថ្មីដែលទើបតែទិញ ក៏តម្រូវឲ្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឬ ឆៀកដែរ គឺដើម្បីពិនិត្យអត្តសញ្ញាណរថយន្ត ទំហំ និងថតរូបរថយន្តបញ្ចូលទៅក្នុងប្រព័ន្ធ ប៉ុន្តែមិនតម្រូវឲ្យធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយឧបករណ៍ពិនិត្យឡើយ។ 
រថយន្តថ្មីជាប្រភេទរថយន្តគ្រួសារដែលមិនទាន់ប្រើប្រាស់ ត្រូវសុំវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តលើកទី១ ដែលមានសុពលភាព ៤ឆ្នាំ។ បន្ទាប់មកត្រូវធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរៀងរាល់ ២ឆ្នាំម្តង។
សម្រាប់រថយន្តថ្មីមិនទាន់ចុះបញ្ជី សំណុំឯកសារដែលម្ចាស់យានឬតំណាង ត្រូវយកភ្ជាប់មកជាមួយនៅពេលត្រួតពិនិត្យលក្ខណៈបច្ចេកទេស រួមមាន អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែររបស់ម្ចាស់រថយន្ត (ច្បាប់ថតចម្លង) និងបង្កាន់ដៃពន្ធយានយន្ត (ច្បាប់ថតរថយន្ត)។
ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត តាមការកំណត់ ផ្តល់អត្ថប្រយោជន៍៖
–ផ្តល់សុវត្ថិភាព ជូនអ្នកប្រើប្រាស់យានយន្ត
–កាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍
–រួមចំណែកការការពារ ហេដ្ឋារចនាសម្ពន័ផ្លូវថ្នល់ និងស្ពាន
–ប្រើប្រាស់រថយន្តបានយូរ ចំណេញពេលវេលា និងចំណាយថវិការតិចក្នុងការជួសជុល
–ការពារបរិស្ថាន(អនុវត្តតាមវិធានការគ្រប់គ្រងទៅលើការបំពុលខ្យល់ពីយានយន្ត)
–បន្ថែមលើនេះសម្រាប់ការអនុវត្តរបស់សមត្ថកិច្ចនៅលើដងផ្លូវ(ប៉ូលីសចរាចរណ៍) គាត់នឹងធ្វើការត្រួតពិនិត្យ ករណីយានយន្តមិនមានវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ សមត្ថកិច្ចនឹងធ្វើការផាកពិន័យ៕













