ក្រុមហ៊ុន Toyota ប្រចាំនៅសហរដ្ឋអាមេរិក បានប្រកាសនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះថា ខ្លួននឹងនាំយករថយន្តពេញនិយមបំផុត ៣ម៉ូឌែល គឺ Camry, Highlander និង Tundra ដែលផលិតនៅអាមេរិក ទៅលក់នៅទីផ្សារជប៉ុន ដែលជាប្រទេសដើមកំណើតរបស់ Toyota ចាប់ពីឆ្នាំ ២០២៦។

ក្នុងសេចក្តីប្រកាសព័ត៌មានឲ្យដឹងថា ចំពោះការលក់រថយន្ត៣ម៉ូឌែលនេះ នៅក្នុងទីផ្សារជប៉ុន Toyota នឹងអាចបំពេញតម្រូវការចម្រុះសម្រាប់អតិថិជន មិនតែប៉ុណ្ណោះ វាក៏នឹងជួយធ្វើឲ្យល្អប្រសើរឡើងនូវទំនាក់ទំនងពាណិជ្ជកម្មរវាង ជប៉ុន និងអាមេរិកផងដែរ។

សូមបញ្ជាក់ថា មូលហេតុដែល Toyota សម្រេចយករថយន្តខ្លួនដែលផលិតនៅអាមេរិក មកលក់ក្នុងស្រុកវិញបែបនេះ គឺដោយសារក្រុមហ៊ុនជប៉ុនមួយនេះ ចង់ថ្នមចិត្តអាមេរិក ខណៈដែលប្រធានាធិបតី ដូណាល់ ត្រាំ តែងតែរិះគន់នូវអសមតុល្យពាណិជ្ជកម្មជាមួយជប៉ុន ហើយម្យ៉ាងវិញទៀត ការដាក់រោងចក្រផលិតនៅអាមេរិកនេះ ក៏នឹងជួយឲ្យ Toyota ទទួលបានការបន្ធូរបន្ថយពន្ធមួយចំនួនផងដែរ។

កាលពីខែមុន ក្រុមហ៊ុន Toyota បានប្រកាសដាក់ទុនចំនួន ៩១២លានដុល្លារ ដើម្បីជំរុញផលិតកម្ម Hybrid នៅសហរដ្ឋអាមេរិក។ ទំហំវិនិយោគនេះ នឹងបែងចែកទៅតាមរោងចក្រក្នុងរដ្ឋផ្សេងៗ ដើម្បីផលិតម៉ាស៊ីន និង រថយន្ត ព្រមទាំងគ្រឿងបង្គុំ Hybrid នៅឆ្នាំ២០២៧។
ជាមួយគ្នានោះ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមហ៊ុន Toyota បានបើកសម្ពោធរោងចក្រអាគុយរបស់ខ្លួនដែលមានតម្លៃ ១៣,៩ពាន់លានដុល្លារ នៅរដ្ឋការ៉ូលីណាខាងជើង នៃសហរដ្ឋអាមេរិក។ រោងចក្រនេះ ជាទីតាំងផលិតទី១១ របស់ Toyota ប៉ុន្តែជារោងចក្រអាគុយទី១ របស់ក្រុមហ៊ុនយក្សជប៉ុនមួយនេះ នៅអាមេរិក ដែលជាយុទ្ធសាស្រ្តដ៏សំខាន់ក្នុងការឆ្ពោះទៅរករថយន្តអគ្គិសនី៕























