ហ្រ្វាំងអូតូ ជួយបង្កើនសុវត្ថិភាព តែក្នុងស្ថានភាពខ្លះបើប្រើវា អាចនឹងមានបញ្ហាវិញ

ក្នុងចំណោមប្រព័ន្ធសុវត្ថិភាពនានា​ដែលបំពាក់លើរថយន្តនាពេលបច្ចុប្បន្ន គឺភាគច្រើនពិតជាមិនអាចខ្វះឡើយ នូវប្រព័ន្ធហ្វ្រាំងបន្ទាន់ស្វ័យប្រវត្តិ (AEB) ឬហៅខ្លីថា ហ្វ្រាំងអូតូ។

ប្រព័ន្ធនេះ ប្រើសេនស័រ ដើម្បីស្កេនអង្កេតនូវឧបសគ្គអ្វីមួយដែលមានដូចជា អ្នកថ្មើរជើង ឬយានយន្តដទៃ ដែលអាចមានសក្តានុពលក្នុងការបុក ប៉ះទង្គិច​ជាមួយរថយន្តរបស់យើង។ ពេលនោះប្រព័ន្ធនឹងបន្លឺសំឡេងដាស់តឿន ហើយ​បើអ្នកបើកបរមិនជាន់ហ្វ្រាំងទាន់ពេលទេ ប្រព័ន្ធនេះ​ជាអ្នកចាប់ហ្វ្រាំងជំនួសតែម្តង ដើម្បីការពារមិនឲ្យរថយន្តទៅបុកប៉ះឧបសគ្គនោះបានឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើទោះជាហ្វ្រាំងអូតូ បានបង្កើនសុវត្ថិភាពខ្ពស់​ដល់អ្នកបើកបរ និងអ្នករួមដំណើរក្នុងរថយន្តបែបនេះក្តី ប៉ុន្តែ​ក្នុងស្ថានភាព​ជាក់លាក់មួយចំនួន មុខងារនេះធ្វើការមិនបានល្អឡើយ ហើយពេលខ្លះគឺគួរបិទចោលតែម្តង ដើម្បីបញ្ចៀសបញ្ហាដែលអាចកើតមានឡើងជាយថាហេតុ។

១. អាកាសធាតុ៖ ពេលមានភ្លៀងធ្លាក់ខ្លាំង ព្រិល ចុះអ័ព្ទ ឬនៅពេលយប់ គឺនឹងរំខានដល់មុខងាររបស់សេនស័រ ដែលនឹងមិនអាចដំណើរការបានល្អឡើយ។

២. ផ្លូវលំបាក៖ នៅពេលបើកបរលើស្ថានភាពផ្លូវ Off-road ឬឡើងចុះភ្នំ គួរបិទមុខងារនេះចោលកុំឲ្យមានការរំខាន ព្រោះស្ថានភាពផ្លូវបែបនេះ តម្រូវឲ្យអ្នកបើកបរផ្តោតយកចិត្តទុកដាក់កាន់តែខ្លាំង។

៣. ពេលឆ្លងកាត់ស្ពាន ឬផ្លូវដែក៖ នៅពេលរថយន្តបើកមកកៀកឡើងស្ពាន ឬកៀកនឹង​ឆ្លងផ្លូវរថភ្លើង សេនស័រអាចនឹងយល់ច្រលំថា វាជាឧបសគ្គព្រោះវាជារចនាសម្ព័ន្ធលោហៈ ដែលពេលខ្លះ វាចាប់ហ្វ្រាំងអូតូទាំងដែលមិនចាំបាច់ និងរំខានដល់ការធ្វើដំណើរទាំងខ្លួនឯង និងអ្នកដទៃ។

៤. កន្លែងដែលមានចរាចរណ៍មមាញឹក៖ នៅពេល​បើករថយន្តចូលទីកន្លែងដែលមានចរាចរណ៍ច្រើន វាប្រាកដជាឧស្សាហ៍ចាប់ហ្វ្រាំងអូតូច្រើនផងដែរ ដែលអាចបង្កើនហានិភ័យនៃការបុកប៉ះពីយានយន្តដែលនៅខាងក្រោយ។

៥. ពេលចូលចំណត៖ សេនស័រហ្វ្រាំងអូតូ អាចនឹងច្រលំថា ជញ្ជាំង ឬវត្ថុអ្វីមួយដែលនៅកៀកៗ គឺជាឧបសគ្គនោះ វានឹងចាប់ហ្វ្រាំងទាំងដែលមិនចាំបាច់ ហើយរំខានដល់ការសារ៉េចូលចតរបស់អ្នកបើកបរទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម