[ទីផ្សារបរទេស] អ្នកស្នងតំណែងរថយន្ត Bugatti Chiron នឹងមិនមានបំពាក់ម៉ាស៊ីន Quad-Turbocharged ចំណុះ៨,០លីត្រ ១៦ស៊ីឡាំង ដ៏ល្បីល្បាញតទៀតនោះទេ។
ថ្មីៗនេះ Bugatti បានបង្ហាញចេញរថយន្ត W16 Mistral នៅឯកម្មវិធី Monterey Car Week និងបានបញ្ជាក់ថាវាជាម៉ូដែលចុងក្រោយដែលនឹងប្រើប្រាស់ម៉ាស៊ីន១៦ស៊ីឡាំង។ ដោយឡែក Bugatti នឹងផ្លាស់ប្ដូរមកប្រើប្រាស់ម៉ាស៊ីនទំហំតូចជាងមុនលើរថយន្តនាពេលអនាគតរបស់ខ្លួន។
លក្ខណៈសម្បត្តិរបស់ម៉ាស៊ីនថ្មីដែលប្រើលើរថយន្ត Bugatti នាពេលអនាគត នៅមិនទាន់មានការបញ្ជាក់នៅឡើយទេ ប៉ុន្តែគេដឹងថាវានឹងមានលាយឡំជាមួយថាមពលអគ្គិសនី។ អាចសន្និដ្ឋានបានថាចំនួនស៊ីឡាំងនឹងមានតិចជាងមុន ចំនួន Turbo ក៏តិចជាងមុន ហើយវានឹងមានចំណុះតូចជាងម៉ាស៊ីន ១៦ស៊ីឡាំងនាពេលបច្ចុប្បន្ន។ ម៉ាស៊ីននេះដែរក៏អាចនឹងផលិតកម្លាំងបានតិចជាងមុន ដោយសារវានឹងទទួលបានជំនួយពីប្រព័ន្ធម៉ាស៊ីន Hybrid។
ប្រធានផ្នែកឌីហ្សាញរបស់ Bugatti បានឲ្យតម្រុយថារថយន្តម៉ូដែលថ្មីនឹងកាន់តែអស្ចារ្យជាងរថយន្ត Mistral ដោយលោកមិនបាននិយាយអ្វីច្រើនឲ្យលម្អិតជាងនេះឡើយ៕