ឡានចាក់អ៊ីដ្រូហ្សែន Toyota Mirai ឆ្នាំ២០២១ នឹងចេញលក់នាខែក្រោយនេះហើយ!

រថយន្ត Toyota Mirai ស៊េរីឆ្នាំ២០២១ ដែលដំណើរការដោយប្រើអ៊ីដ្រូហ្សែន នឹងចេញលក់នៅលើទីផ្សារសហរដ្ឋអាមេរិក ក្នុងខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ដោយចែកចេញជា ២ ម៉ូដេល និងមានបំពាក់ប្រព័ន្ធ Toyota Safety Sense 2.5+ មកស្តង់ដារតែម្តង។

រថយន្ត Mirai ជំនាន់ទី២ នេះ ទទួលបានការឌីហ្សាញថ្មីទាំងស្រុង ពោលគឺទាបជាងមុន, វែងជាងមុន និងទទឹងធំជាងមុន ហើយមានបំពាក់យ៉ាន់ Alloy ២០អ៊ីញ និងពណ៌សរុបចំនួន ៥ គឺ Hydro Blue, Oxygen White, Supersonic Red, Heavy Metal និង Black។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅពីនោះ វាក៏មានបំពាក់អេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ, ឧបករណ៍បំពងសំឡេង JBL ១៤គ្រាប់, មុខងារ Android Auto, Apple CarPlay និង Amazon Alexa, កុងទ័រឌីជីថល ៨អ៊ីញ, កន្លែងសាកថ្មទូរសព្ទឥតខ្សែ។

បើទោះបីជាមិនទាន់មានព័ត៌មានផ្លូវការពី Toyota ប៉ុន្តែរបាយការណ៍មួយចំនួនអះអាងថា Mirai ឆ្នាំ២០២១ មានធុងផ្ទុកអ៊ីដ្រូហ្សែន ៣ ដែលអនុញ្ញាតឲ្យវាអាចបើកបរបានចម្ងាយដល់ ៨៥០គីឡូម៉ែត្រ។ រថយន្តនេះត្រូវគេអះអាងថា នឹងមានកម្លាំង ១៨០សេះ ហើយអាចរត់ដល់ល្បឿនអតិបរមា ១៧៥គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំពោះតម្លៃផ្លូវការរបស់វានឹងត្រូវប្រកាសនាពេលក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម