ឡានដោតភ្លើងជិត ៦,៥លានគ្រឿង បានលក់ចេញលើទីផ្សារពិភពលោកនៅឆ្នាំ២០២១

[ទីផ្សារបរទេស] នៅក្នុងឆ្នាំ២០២១ មានរថយន្តសាកភ្លើងជិត ៦,៥លានគ្រឿង បានលក់ចេញលើទីផ្សារពិភពលោក ដែលមានកំណើនប្រមាណ ៣,១% ធៀបនឹងចំនួនលក់ ៣,១លានគ្រឿង កាលពីឆ្នាំ២០២០។ នេះបើផ្អែកតាមទិន្នន័យរបស់ EV-Volumes។

ក្នុងនោះផងដែរ ចំណែកទីផ្សារនៃរថយន្តសាកភ្លើងបានកើនឡើងដល់ ៩% ធៀបនឹង ៤% កាលពីឆ្នាំ២០២០ ដោយរថយន្តអគ្គិសនីសុទ្ធលក់ចេញបានប្រមាណ ៤,៩លានគ្រឿង កើនឡើង ៦៩% ខណៈដែលរថយន្ត PHEV លក់ចេញបាន ១,៩លានគ្រឿង កើនឡើង ៣១%។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តដែលលក់ដាច់ជាងគេគឺ Tesla Model 3, Hong Guang MINI EV ជាមួយរថយន្ត Tesla Model Y ដែល Model 3 ប៉ាន់ស្មានថាលក់បានលើសពី៥០ម៉ឺនគ្រឿង ហើយមានន័យថាវាបានក្លាយជារថយន្តសាកភ្លើងលក់ដាច់ជាងគេរយៈពេល៤ឆ្នាំជាប់គ្នា គិតចាប់តាំងពីឆ្នាំ២០១៨មក។

ចំណែក Hong Guang MINI EV អាចលក់ចេញបានសរុបជាង ៤២៤ ៤០០គ្រឿង នៅពេញមួយឆ្នាំ២០២១ ដែលវាគឺជារថយន្តអគ្គិសនីដែលមានតម្លៃធូរថ្លៃបំផុតមួយ។ រថយន្ត Tesla Model Y វិញ ប៉ាន់ស្មានថាលក់បានជាង ៤១ម៉ឺនគ្រឿង ហើយវាទំនជានឹងក្លាយជារថយន្តអគ្គិសនីលក់ដាច់ជាងគេនៅក្នុងឆ្នាំ២០២២នេះ។

រថយន្តសាកភ្លើងដែលលក់ដាច់បានច្រើនជាងគេផ្សេងទៀតរួមមាន Volkswagen ID.4, BYD Qin Plus PHEV, Li Xiang One EREV, BYD Han EV, BYD Song Pro/Plus PHEV, Changan Benni EV និង Volkswagen ID.3៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម