បណ្ដាញសង្គមផ្លូវការរបស់ Bugatti បានបង្ហោះរូបភាពស-ខ្មៅប៉ុន្មានសន្លឹកនៃរថយន្ត La Voiture Noire ដែលជារថយន្តមានតម្លៃថ្លៃជាងគេក្នុងលោក។
ជាមួយរូបភាពថ្មីនេះ Bugatti បានបញ្ជាក់ថា ៖ “ជួបគ្នានៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១”។ វាប្រហែលជាកាលបរិច្ឆេទដែលរថយន្ត La Voiture Noire ប្រភេទសម្រាប់លក់លើទីផ្សារនឹងត្រូវបង្ហាញវត្តមានជាផ្លូវការ។
រថយន្តនេះត្រូវបានក្រុមហ៊ុន Bugatti បង្ហាញរូបរាងជាលើកដំបូងនៅក្នុងកម្មវិធី Geneva Motor Show ឆ្នាំ២០១៩ ដែលពេលនោះក្រុមហ៊ុនដាក់តាំងបង្ហាញប្រភេទគំរូ ដើម្បីឲ្យទស្សនិកបានគយគន់រចនាបថដ៏អស្ចារ្យនៃរថយន្ត។
ពេលនោះដែរផ្នែកខាងក្នុងនៃរថយន្តគឺនៅមិនទាន់ដំឡើងហើយរួចរាល់នៅឡើយទេ។ Bugatti បាននិយាយថាពួកគេត្រូវការពេលយ៉ាងហោចណាស់ ២,៥ឆ្នាំ ដើម្បីអាចដំឡើងរថយន្តនេះរួចរាល់ និងដឹកជញ្ជូនដល់ដៃអតិថិជនដែលបានកុម្ម៉ង់។
រថយន្ត La Voiture Noire នេះគឺមានផលិតតែមួយគ្រឿងប៉ុណ្ណោះនៅក្នុងលោកនេះ ដែលវាអាចលក់បានតម្លៃរហូតដល់ជិត ១៩លានដុល្លារ។ រថយន្តនេះប្រើម៉ាស៊ីនចំណុះ ៨,០លីត្រ ១៦ស៊ីឡាំង ដែលផលិតកម្លាំងបាន ១៥០០សេះ៕