ឡានទាំងនេះនឹងលែងមានលក់ចាប់ពីឆ្នាំ ២០២១ នេះ

​ទន្ទឹម​នឹង​ការ​ប្រកាស​ចេញ​រថយន្ត​ថ្មីៗ​ជា​ច្រើន​នៅ​ក្នុង​ឆ្នាំ ២០២០ បណ្ដា​ក្រុមហ៊ុន​រថយន្ត​ក៏​បាន​ប្រាប់​អំពី​ផែនការ​បញ្ឈប់​ការ​លក់​រថយន្ត​ជា​ច្រើន​ម៉ូដែល​​ចាប់​ពី​ឆ្នាំ ២០២១ ត​ទៅ​ផង​ដែរ។

រថយន្ត​ទាំង​ប៉ុន្មាន​ម៉ូដែល​ខាង​ក្រោម​នេះ​នឹង​បញ្ឈប់​ការ​ផលិត​ ​ហើយ​នឹង​មិន​មាន​លក់​បន្ត​ទៀត​នៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក ឬ​នៅ​លើ​ពិភពលោក​ទាំង​មូល​ចាប់​ពី​ឆ្នាំ ២០២១ នេះ។

១. BMW i8

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញ​លក់​លើ​ទីផ្សារ​បាន​រយៈពេល​ ៦​ឆ្នាំ វា​ដល់​ពេល​ដែល​រថយន្ត​ PHEV ប្រណីត​មួយ​នេះ​បញ្ឈប់​ការ​លក់​ជា​ផ្លូវ​ការ។ គេ​រំពឹង​ថា​​នឹង​មាន​រថយន្ត​ចូល​មក​ជំនួស​ BMW i8 ដែល​នឹង​ផលិត​ឡើង​ផ្អែក​តាម​ Concept ឈ្មោះ Vision M Next។

២. Toyota Yaris Hatchback (លែង​មាន​នៅ​អាមេរិក)

រថយន្ត Toyota Yaris Hatchback គឺ​ជា​រថយន្ត​ដ៏​ពេញ​និយម​មួយ​សម្រាប់​អ្នក​ចូល​ចិត្ត​រថយន្ត​តូចៗ ប៉ុន្តែ​ចំនួន​លក់​នៅ​សហរដ្ឋអាមេរិក​មិន​សូវ​ជា​ល្អ​ប៉ុន្មាន​ឡើយ។ នៅ​ឆ្នាំ ២០១៩ រថយន្ត​នេះ​លក់​ចេញ​បាន​មិន​ដល់ ២២ ០០០គ្រឿង​ផង​នៅ​សហរដ្ឋអាមេរិក។

៣. Honda Civic Coupe

Honda ​កំពុង​ត្រៀម​ខ្លួន​បង្ហាញ​ចេញ​រថយន្ត​ Civic ជំនាន់​ថ្មី​ជំនាន់​ទី​១១ ហើយ​មុន​ការ​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​ រថយន្ត​នេះ​មាន​ការ​ផ្លាស់​ប្ដូរ​មួយ​ចំនួន។ Honda Civic Coupe ដែល​ជា​ប្រភេទ​ទ្វារ​ពីរ​នឹង​លែង​មាន​លក់ គឺ​មាន​តែ​​ប្រភេទ Sedan និង Hatchback។

៤. Honda Fit/Jazz

Honda បាន​​ដក​​រថយន្ត​ Fit ឬ Jazz ចេញ​ពី​បញ្ជី​ផលិតផល​របស់​ខ្លួន​។ ត្បិត​ថា​វា​ជា​រថយន្ត​តូច​ដែល​មាន​តម្លៃ​ធូរ ប៉ុន្តែ​មិន​សូវ​ជា​លក់ដាច់​បាន​ច្រើន​ប៉ុន្មាន​ឡើយ។

៥. Ford Fusion

Fod បាន​ប្រកាស​ពី​ផែនការ​បញ្ឈប់​ការ​ផលិត​រថយន្ត​ Sedan គ្រប់​ប្រភេទ​កាល​ពី​ឆ្នាំ ២០១៨ ហើយ​​រថយន្ត Sedan ចុង​ក្រោយ​ដែល​ក្រុមហ៊ុន​បាន​សម្លាប់​ចោល​នោះ​គឺ Ford Fusion នេះ​ឯង។

៦. Lexus GS

ក្រោយ​ពី​បង្ហាញ​មុខ​អស់​រាប់​សិប​ឆ្នាំ និង​បាន​ឆ្លង​កាត់​បាន​រហូត​ដល់ ៤​ជំនាន់​ហើយ​នោះ រថយន្ត​ Lexus GS នឹង​ត្រូវ​បញ្ឈប់​ការ​ផលិត​សម្រាប់​ទីផ្សារ​សហរដ្ឋអាមេរិក​ចាប់​ពី​ឆ្នាំ ២០២១ ត​ទៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម