ឡានភីកអាប់មិនប្រើសាំងថ្មី សាកម្ដងជិះបាន ៦០០គីឡូម៉ែត្រ

[ទីផ្សារបរទេស] ក្រុមហ៊ុនចិន Geely ដែលមានកាន់កាប់ម៉ាករថយន្តជាច្រើនមកហើយនោះ បានប្រកាសចេញ​ម៉ាក​រថយន្ត​ថ្មី​ឈ្មោះថា Radar Auto ដែលបានប្រកាសចេញជាមួយរថយន្ត​ភីកអាប់អគ្គិសនីម៉ូដែល RD6។

រថយន្ត RD6 ទំនងជារថយន្តភីកអាប់ខ្នាតកណ្ដាល ស្រដៀងទៅនឹងរថយន្ត Honda Ridgeline ដែរ ហើយរថយន្តនេះ​នឹង​អាច​បើកបរ​បាន​ចម្ងាយ ៦០០គីឡូម៉ែត្រ ពេលសាកភ្លើងពេញ ដែលនេះគឺជាការប៉ាន់ស្មាន​ជាមួយបច្ចេកទេស CLTC របស់​ចិន ដែល​ខុស​ពី​បច្ចេកទេស WLTP របស់អឺរ៉ុប និង​ EPA របស់អាមេរិក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកទល់ពេលនេះ នៅមិនទាន់​មាន​ការប្រកាសតម្លៃលក់នៅឡើយទេ ប៉ុន្តែ​ក្រុមហ៊ុន Geely ត្រូវបានគេ​ស្គាល់​ថា​​តែងតែ​ផលិត​រថយន្ត​ដែល​មាន​តម្លៃ​ធូរថ្លៃ។ ការផលិតរថយន្ត និងការដឹកជញ្ជូន Radar RD6 នេះនឹងចាប់ផ្ដើម​នៅ​ត្រីមាសទីបួននៃឆ្នាំ​២០២២ ​ជា​ពេល​ដែល​ទំនងជាប្រកាសចេញតម្លៃលក់ផងដែរ។

ក្រុមហ៊ុន Radar Auto មាន​គម្រោងថានឹងពង្រីក​ជម្រើស​រថយន្ត​ជាមួយ​រថយន្តអគ្គិសនីដទៃទៀតរួមមាន​ដូចជា​រថយន្តភីកអាប់ រថយន្ត SUV និងយានយន្តប្រភេទ ATV ផងដែរ។ នេះមានន័យថា Geely មិនត្រឹមតែប្រជែងនឹង Tesla Cybertruck នោះទេ ប៉ុន្តែ​ក៏​ប្រជែងនឹង Cyberquad ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម