[ទីផ្សារបរទេស] រថយន្ត Chevrolet Silverado ប្រភេទអគ្គិសនីសុទ្ធទើបបានបង្ហាញខ្លួនក្នុងកម្មវិធី CES បានត្រឹមប៉ុន្មានថ្ងៃសោះ នាពេលនេះក្រុមហ៊ុនបានបញ្ជាក់ថា Silverado អគ្គិសនីប្រភេទ RST First Edition បានលក់ដាច់អស់គ្មានសល់។
នាយកជាន់ខ្ពស់របស់ General Motors បាននិយាយថារថយន្ត Silverado EV RST First Edition បានលក់ដាច់អស់ក្នុងពេលត្រឹម១២នាទីប៉ុណ្ណោះ។ បញ្ជាក់ថា Chevrolet គ្រាន់តែបើកទទួលការកក់ទុកសម្រាប់រថយន្ត Silverado EV ប៉ុណ្ណោះ ដែលមានន័យថាមិនទាន់មានអ្នកណាបានចាយលុយ ១០៥ ០០០ដុល្លារ ដើម្បីទិញរថយន្តនេះទៀត។ បន្ថែមពីនេះ General Motors មិនបានបញ្ជាក់ថា Silverado EV RST First Edition នឹងមានផលិតប៉ុន្មានគ្រឿងនោះឡើយ។
គួរចាប់អារម្មណ៍ថា Silverado EV RST First Edition នឹងមិនមែនជាប្រភេទដំបូងដែលនឹងចេញលក់លើទីផ្សារនោះទេ ផ្ទុយទៅវិញគឺរថយន្ត Silverado EV WT ឯណោះទេ ដែលរថយន្តប្រភេទនេះអាចផលិតកម្លាំងបាន ៥១០សេះ និងបើកបរបានចម្ងាយលើសពី ៤០០ម៉ាយ (ប្រមាណ ៦៤៤គ.ម)។
ចំណែករថយន្ត Silverado EV RST First Edition មានបំពាក់ម៉ូទ័រអគ្គិសនីមួយគូដែលអាចផលិតកម្លាំងបានសរុប ៦៦៤សេះ អាចឲ្យរថយន្តស្ទុះដល់ ១០០គ.ម/ម៉ ក្នុងពេលមិនដល់ ៤,៥វិនាទី ហើយអាចបើកបរបានចម្ងាយលើសពី ៤០០ម៉ាយ ដូចគ្នា៕