ឡានភីកអាប់អគ្គិសនី R1T បញ្ជាក់តម្លៃសម្រេចចុងក្រោយ នឹងមានចាប់ពី ៦៧ ៥០០ដុល្លារឡើង

ក្រុមហ៊ុន Rivian បាន​ប្រកាស​​ដំណឹង​ទាក់ទង​នឹង​រថយន្ត​ភីកអាប់​អគ្គិសនី R1T និង​រថយន្ត​អគ្គិសនី R1S របស់​ខ្លួន អំពី​តម្លៃ​​សម្រេច​ចុង​ក្រោយ ហើយ​វិបសាយ​សម្រាប់​​​ជ្រើស​រើស​​លក្ខណៈ​សម្បត្តិ​រថយន្ត​នឹង​ដាក់​ដំណើរ​ការ​នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា។

ចាប់​ផ្ដើម​ជា​មួយ​រថយន្ត​ Rivian R1S វា​នឹង​មាន​ដាក់​លក់​នូវ​ប្រភេទ Launch Edition មុន​ ដែល​នឹង​ចាប់​ផ្ដើម​ដឹក​ជញ្ជូន​ជូន​អតិថិជន​នៅ​ខែ​សីហា ឆ្នាំ ២០២១ ដោយ​វា​មាន​តម្លៃ​ចាប់​ពី ៧៧ ៥០០​ដុល្លារ។ យ៉ាងណាក្ដី​គេ​មិន​ច្បាស់​ថា​តម្លៃ​នេះ​បាន​រាប់​បញ្ចូល​ប្រាក់​ជំនួយ​ចំនួន ៧ ៥០០​ដុល្លារ ពី​រដ្ឋាភិបាល​ហើយ​ឬ​នៅ​នោះ​ទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត R1S ក៏​មាន​ប្រភេទ​ Adventure ដែល​មាន​តម្លៃ​ចាប់​ពី ៧៧ ៥០០​ដុល្លារ ដូច​គ្នា ប៉ុន្តែ​នឹង​ចេញ​លក់​នៅ​ខែ​មករា​ឆ្នាំ ២០២២ ឯណោះ។ ចំពោះ​​រថយន្ត R1S ប្រភេទ Explore ដែល​ជា​ប្រភេទ Base វិញ​នឹង​មាន​តម្លៃ​ចាប់​ពី ៧០ ០០០​ដុល្លារ ឡើង​ទៅ។

សម្រាប់​រថយន្ត​ភីកអាប់ R1T វា​នឹង​មាន​ដាក់​លក់​​ជា​​ប្រភេទ Launch Edition, Adventure និង Explore ដូច​គ្នា​ ដោយ​តម្លៃ​របស់​ Launch Edition និង​ Adventure គឺ​មាន​ចាប់​ពី ៧៥ ០០០​ដុល្លារ។ ចំណែក​ប្រភេទ Explore គឺ​មាន​តម្លៃ​ចាប់​ពី ៦៧ ៥០០​ដុល្លារ។

Rivian R1T Launch Edition នឹង​ចេញ​លក់​លើ​ទីផ្សារ​មុន​ដោយ​រំពឹង​ថា​​នឹង​ចេញ​លក់​ចាប់​ពី​ខែ​មិថុនា ឆ្នាំ ២០២១ ខណៈ​ពីរ​ប្រភេទ​ទៀត​នឹង​ចេញ​លក់​នៅ​ក្នុង​ខែ​មករា ឆ្នាំ ២០២២៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម