ឡានភីកអាប់ Ford Ranger និង VW Amarok កំពុងគិតគូរពីប្រភេទប្រើអគ្គិសនីសុទ្ធ

[ទីផ្សារបរទេស] កន្លងមកក្រុមហ៊ុន Ford ធ្លាប់បានបញ្ជាក់ច្បាស់ៗថារថយន្ត Ranger របស់ខ្លួននឹងមានជាប្រភេទម៉ាស៊ីន Hybrid នៅថ្ងៃខាងមុខ ខណៈដែលប្រភេទអគ្គិសនីសុទ្ធនៃរថយន្តនេះជារឿងដែលអាចនឹងទៅរួច។

ពេលនេះដែរ ក្រុមហ៊ុនបានបញ្ជាក់ច្បាស់ៗថាទាំងរថយន្ត Ranger និងរថយន្ត Volkswagen Amarok ដែលប្រើគ្រោងឆ្អឹងរួមគ្នា កំពុងតែស្ថិតក្រោមការសិក្សាពីប្រភេទអគ្គិសនីសុទ្ធ។ ដំណឹងថ្មីនេះទទួលបានតាមរយៈវិបសាយរថយន្តអូស្ត្រាលី Drive ក្រោយពីបានចូលរួមការធ្វើបទបង្ហាញពីរថយន្ត Amarok ជំនាន់ថ្មីនៅអាល្លឺម៉ង់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សមាជិកក្រុមប្រឹក្សានៃ Volkswagen Commerical Vehicle បានលើកឡើងបែបនេះថា ៖ “យើងកំពុងសម្លឹងលើប្រភេទអគ្គិសនីសុទ្ធ។ វានៅដំណាក់កាលដំបូងៗនៅឡើយ ប៉ុន្តែវាជាអ្វីដែលយើងកំពុងពិចារណា​នៅក្នុងវដ្ដជីវិតនៃរថយន្តនេះ។”

ការសម្រេចចិត្តចាប់ផ្ដើមសិក្សាលើរថយន្តភីកអាប់ Amarok អគ្គិសនីសុទ្ធនេះក្រោយពី Volkswagen សម្រេចចិត្តថាមិនប្រើប្រាស់ប្រភេទម៉ាស៊ីនសាំង PHEV ដែលបង្កើតសម្រាប់រថយន្ត Ford Ranger ជំនាន់ថ្មីឡើយ។

ការសម្រេចចិត្តមិនប្រើប្រាស់ម៉ាស៊ីនសាំង PHEV នេះ ត្រូវបានសមាជិកក្រុមប្រឹក្សាដដែលលើកឡើងថាដោយសារតែក្រុមហ៊ុនមិនទាន់ពេញចិត្តនឹងរយៈចម្ងាយនៃការបើកបរដោយប្រើអគ្គិសនីសុទ្ធដែលទទួលបានជាមួយរថយន្តនេះ។ ជាមួយការសម្រេចចិត្តនេះដែរ វាបានជួយពន្លឿនឲ្យ Ford និង Volkswagen ចាប់ផ្ដើមការសិក្សាលើរថយន្ត Amarok និង Ranger ប្រភេទអគ្គិសនីសុទ្ធកាន់តែឆាប់រហ័សជាងមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម