ឡានមកពីចិន យកឈ្នះឡានមកពីកូរ៉េ ជាលើកដំបូង នៅអូស្ត្រាលី

[ទីផ្សារបរទេស] ចំនួននៃការលក់រថយន្តនាំចូលពីប្រទេសចិន នៅប្រទេសអូស្ត្រាលី បានឈានដល់ចំណុចខ្ពស់ថ្មីមួយ ដោយ​ពេល​នេះ​រថយន្ត​ចិន ក្លាយជាប្រភេទរថយន្តថ្មី​ធំលំដាប់ទីបីសម្រាប់ទីផ្សារនេះ។

ទិន្នន័យលក់នៃរថយន្តថ្មីប្រចាំខែកញ្ញា ឆ្នាំ២០២២ បានបង្ហាញថា រថយន្ត​ដែលនាំចូលពីប្រទេសចិន ពេលនេះស្ថិតនៅចំណាត់​ថ្នាក់​លេខ​បី​ពី​ក្រោយរថយន្តនាំពីជប៉ុន និងថៃ និងនាំមុខរថយន្តកូរ៉េខាងត្បូង, អាល្លឺម៉ង់ រួមជាមួយ​សហរដ្ឋ​អាមេរិក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កាលពីឆ្នាំ២០២១ រថយន្តនាំពីប្រទេសចិន ធ្លាប់ជាប្រភពធំទីបួន នៃរថយន្តថ្មីដែលលក់ចេញនៅអូស្ត្រាលី បន្ទាប់ពីបានឈរលេខ​រៀង​ទី​៦ នៅឆ្នាំ២០២០, លេខរៀងទី៨ នៅឆ្នាំ២០១៩ និងលេខរៀងទី១២ នៅឆ្នាំ២០១៨។

ការកើនឡើងនៃការលក់របស់រថយន្តចិននៅអូស្ត្រាលី ក៏ដោយសារ​កំណើននៃការលក់រថយន្តរបស់ក្រុមហ៊ុន MG, Great Wall Motors-Haval និងក្រុមហ៊ុន LDV ជាដើម។

ចំនួនលក់រថយន្ត​ពីប្រទេសចិន ទទួលបានការជម្រុញបន្ថែមទៀត ក្រោយពីរថយន្ត Tesla ដែលផលិតនៅចិន ចាប់​ផ្ដើម​ចាក់បញ្ចូល​ក្នុងតួលេខ​ផ្លូវការ​ចាប់ពីខែមីនា ឆ្នាំ២០២២ ខណៈដែលរថយន្តអគ្គិសនី Polestar ក៏ផលិតនៅប្រទេសចិនដែរ។

បច្ចុប្បន្ននេះ MG កំពុងឈរនៅតំណែងលេខ៧ ជាក្រុមហ៊ុនលក់រថយន្តចេញបានច្រើនជាងគេនៅអូស្ត្រាលី ក្រោយ​ពី​បានហក់​ឡើង​ចំណាត់ថ្នាក់កំពូលទាំង១០ជាលើកដំបូង ដោយបានជាប់លេខ៩ នៅឆ្នាំ២០២១ នាំមុខក្រុមហ៊ុន Subaru និង​នៅ​ពី​ក្រោយ Volkswagen៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម