រថយន្ត Rezvani Tank ស៊េរីឆ្នាំ ២០២០ បានលេចមុខនៅកម្ពុជានាថ្ងៃនេះ តាមរយៈការនាំចូលរយៈលោកឧកញ៉ា ស្រី ចាន់ថន ដែលជារថយន្តមួយគ្រឿងដំបូងគេនៅកម្ពុជា ដែលនឹងត្រូវដាក់តាំងបង្ហាញនៅ Jet’s Garden Park លើទឹកដី ស្កាយលែន វិហារសួគ៌។
រថយន្តនេះបានបង្ហាញវត្តមានជាផ្លូវការកាលពីអំឡុងខែសីហា ឆ្នាំ ២០១៩ នៅសហរដ្ឋអាមេរិក ដែលវាមានចែកចេញជា ៣ ប្រភេទ គឺ Rezvani Tank ធម្មតា, Rezavani Tank Military Edition និង Rezvani Tank X ដោយមានតម្លៃចាប់ពី ១៥៥ ០០០ ដុល្លារ, ២៩៥ ០០០ ដុល្លារ និង ៣៤៩ ០០០ ដុល្លារ នៅទីផ្សារបរទេស។
មួយគ្រឿងដំបូងនៅកម្ពុជានេះ ទំនងជាប្រភេទ Rezvani Tank ធម្មតា ដែលមានប្រើម៉ាស៊ីន ៣,៦ លីត្រ ៦ ស៊ីឡាំង កម្លាំង ២៨៥ សេះ ហើយវាក៏មានជម្រើសម៉ាស៊ីន ៦,៤ លីត្រ ៨ ស៊ីឡាំង និងម៉ាស៊ីនម៉ាស៊ូត ៣,០ លីត្រ ៦ ស៊ីឡាំង ផងដែរ។ ប្រភេទធម្មតាមិនមានសមត្ថភាពធន់នឹងការពារគ្រាប់ ដូចពីរប្រភេទទៀតនោះទេ៕