[បរទេស] កាលពីខែមេសា ឆ្នាំ ២០២៣ កន្លងទៅ ស្លាកលេខ “P 7” នៅទីក្រុងឌូបៃ ត្រូវបានបំបែកកំណត់ត្រាពិភពលោកទទួលស្គាល់ដោយ Guinness World Records ថាជាស្លាកលេខដែលថ្លៃជាងគេបំផុតក្នុងពិភពលោក ជាមួយនឹងតម្លៃ ៥៥ លាន dirham ស្មើនឹង ១៥ លានដុល្លារ។
សម្រាប់ស្លាកលេខនេះបានបំពាក់នៅលើរថយន្ត Rolls-Royce Cullinan ត្រូវបានកែកុនបន្ថែមពីក្រុមហ៊ុន Mansory Linea D’Oro ដែលជារថយន្ត SUV មានតែមួយគ្រឿងប៉ុណ្ណោះនៅលើពិភពលោក ដោយបានបំពាក់ជាមួយទេវរូប Spirit of Ecstasy ដែលផលិតឡើងដោយគ្រីស្តាល់ពណ៌ខៀវ ប្រើប្រាស់នៅថាសកង់ទំហំ ២៤អ៉ីញ ប្រភេទ aerodynamic wheel ខណៈ គម្របម៉ាស៊ីន គែមកញ្ចក់ទា្វរ ព្រមទាំងផ្នែកខាងក្នុងមួយចំនួនធ្វើឡើងពី carbon-fiber លាយជាមួយនឹងស្លឹកមាស។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ បំពាក់ជាមួយម៉ាស៊ីន V12 ចំណុះ ៦,៧៥ លីត្រ twin-turbo អាចផលិតកម្លាំងបាន ៦១០ សេះ និងកម្លាំងរមួល ៩៥០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេទបើកបរប៉ុង ២ 4-wheel drive និងអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រ ប្រើរយៈពេល ៥វិនាទីប៉ុណ្ណោះ ៕