ការសិក្សាថ្មីមួយបានបង្ហាញឲ្យឃើញពីល្បឿននៃការលក់រថយន្ត នៅលើទីផ្សារសហរដ្ឋអាមេរិក ក្នុងអំឡុងពេលកូវីដ១៩ ដោយក្នុងនោះ រថយន្ត SUV វ៉ារដាច់ប្រភេទរថយន្តផ្សេងៗដាច់តែម្តង។
រយៈការវិភាគលើរថយន្តលក់ដាច់ចំនួន ៤,៤លានគ្រឿង ទាំងថ្មី និងមួយទឹក ចាប់ពីខែមិនា ដល់មិថុនា ឆ្នាំ២០២០ គេហទំព៧រ iSeeCars បានរកឃើញថា ជាមធ្យមរថយន្តមួយគ្រឿងចំណាយពេលចតនៅកន្លែងលក់ ៩៦,៩ថ្ងៃ ទើបលក់ដាច់ ខុសពីពេលមិនទាន់មានកូវីដ១៩ ត្រឹម ៥៧,៨ថ្ងៃប៉ុណ្ណោះ។
ក្នុងនោះផងដែរ រថយន្តដែលលក់ដាច់លឿនបំផុតគឺ Chevrolet Trailblazer ដែលចំណាយពេលត្រឹម ១៩ថ្ងៃប៉ុណ្ណោះ។ តាមពីក្រោយ Trailblazer គឺរថយន្តកូរ៉េ Kia ចំនួន២ម៉ូដែល Telluride និង Seltos ដែលចំណាយពេល ២៥,៧ថ្ងៃ និង ៣១,៣ថ្ងៃ ទើបលក់ដាច់។
ចំណែកឯលេខ៤ បានទៅលើ SUV ដដែល គឺ Honda CR-V Hybrid (៣៥,២ថ្ងៃ), លេខ៥ Hyundai Palisade (៣៩ថ្ងៃ), លេខ៦ Mercedes-Benz GLB (៤០,៥ថ្ងៃ) ខណៈលេខ៧ គឺ Chevrolet Bolt EV ដែលមិនមែនជា SUV ចំណាយពេល ៤១,៧ថ្ងៃ ហើយលេខ៨ Toyota RAV4 Hybrid (៤៦,១ថ្ងៃ), លេខ៩ Buick Encore GX (៤៦,៦ថ្ងៃ) និង លេខ១០ Subaru Forester (៤៧,៣ថ្ងៃ)៕