ឡានវ៉ែនអគ្គិសនី Mercedes ប្រកាសចេញជាផ្លូវការ សាកពេញជិះបាន ២៨២គ.ម

[ទីផ្សារបរទេស] ក្រោយពីបានបង្ហាញចេញ Concept EQT កាលពីខែឧសភា ឆ្នាំ២០២១ ពេលនេះ Mercedes បានបង្ហាញចេញជាផ្លូវការនូវរូបរាងចុងក្រោយនៃរថយន្តវ៉ែនអគ្គិសនីសុទ្ធរបស់ខ្លួន និងបានបង្ហាញចេញ Concept EQT Marco Polo1 ផងដែរ។

រថយន្តវ៉ែន Mercedes EQT មានបំពាក់អាគុយចំណុះ ៤៥kWh ដែលអាចផ្ដល់ចម្ងាយបើកបរបានប្រមាណ ២៨២គីឡូម៉ែត្រ ជាមួយម៉ូទ័រអគ្គិសនីដែលផ្ដល់កម្លាំងបាន ១២១សេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តវ៉ែននេះមានប្រវែងកង់មុខទៅកង់ក្រោយចំនួន ៤៤៩៨ម.ម ទទឹង ១៨៥៩ម.ម និងមានកម្ពស់ ១៨១៩ម.ម ប៉ុន្តែប្រភេទដែលមានប្រវែងកង់មុខទៅកង់ក្រោយវែងជាងនេះរំពឹងថាបង្ហាញខ្លួននាពេលបន្ទាប់។

ដោយឡែកសម្រាប់រថយន្ត Concept EQT Marco Polo1 ជារថយន្តវ៉ែនដែលមានបំពាក់មករួចជាស្រេចនូវមុខងារសម្រាប់​បោះជំរំ ហើយផ្នែកខាងក្នុងមានដំបូលដែលអាចបើកចេញអាចផ្ដល់ទំហំធំសម្រាប់ការឈរនៅក្នុងរថយន្តបាន និងមានបំពាក់នូវស៊ីងលាងលម្អាត ទូទឹកកកខ្នាតតូច និងមានកៅអីអង្គុយវែងចំនួនពីរ រួមជាមួយតុបាយដែលអាចបត់បាន។

Mercedes រំពឹងថានឹងបង្ហាញចេញផលិតផលសម្រេចនៃ Concept EQT Marco Polo1 នៅអំឡុងឆមាសទីពីរនៃឆ្នាំ​២០២៣ ខណៈដែលរថយន្ត EQT នឹងមានដាក់លក់តម្លៃចាប់ពី ៥១ ៣៣៩ដុល្លារ ដោយការកុម្ម៉ង់ទិញនឹងបើកទទួលឆាប់ៗខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម