ឡានវ៉ែន៧កៅអី តម្លៃ១ម៉ឺនដុល្លារស្ដើង បង្ហាញវត្តមាននៅចិន

[ទីផ្សារបរទេស] ក្រុមហ៊ុន SAIC-GM-Wuling (SGMW) របស់ចិន បានប្រកាសចេញ​រថយន្ត​វ៉ែន​តម្លៃ​ធូរថ្លៃមួយម៉ូដែលឈ្មោះ​ថា Wuling Jiachen ជារថយន្ត៧កៅអី និងមានតម្លៃលក់ចន្លោះ​ពី ១០ ២០០ដុល្លារ ទៅ ១៤ ៨០០ដុល្លារ ប៉ុណ្ណោះ។

រថយន្ត Wuling Jiachen មានចែកចេញជាប្រាំប្រភេទផ្សេងៗគ្នា ដោយមានជម្រើសពណ៌​ខាងក្រៅ​ចំនួន​បួន ហើយ​មាន​អតិថិជន​គោលដៅគឺជាគ្រួសារដែលមានសមាជិកច្រើន។ រថយន្តនេះមានប្រវែង ៤៧៨៥ម.ម ទទឹង ១៨២០ម.ម និងកម្ពស់ ១៧៦០ម.ម ជាមួយ​ប្រវែងពីកង់មុខទៅកង់ក្រោយគឺ ២៧៦០ម.ម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្នែកខាងក្នុងនៃរថយន្ត​មាន​បំពាក់ដោយអេក្រង់ទំហំ ១០,២៥អ៊ីញ នៅចំកណ្ដាល រួមជាមួយចង្កូត​រថយន្ត​ដែល​អាច​បញ្ជា​លើ​មុខងារ​ជាច្រើន។ នៅចំកណ្ដាល​ក៏​មាន​ជា​កន្លែងដាក់កែវទឹកចំនួនពីរ, មានប្រអប់ដាក់ឥវ៉ាន់ចំនួនពីរ និងមាន​រន្ធ USB ចំនួន​មួយ​ផងដែរ។ លើ​ផ្នែកសុវត្ថិភាព Wuling Jiachen មាន​មកជាមួយពោងសុវត្ថិភាពចំនួន៤, មុខងាររក្សាលំនឹងអេឡិចត្រូនិក និងមានប្រព័ន្ធ​ចង្កូត Nexteer ជាដើម។

រថយន្តនេះដែរ មានប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Ling OS ដែល​អាច​បញ្ជា​ពី​ចម្ងាយដើម្បី​បើក​ម៉ាស៊ីនត្រជាក់, មានមុខងារ​បញ្ជា​មុខងារ​ដោយសំឡេង, មានមុខងារដែលចូលរថយន្តដោយមិនបាច់ចុចសោ, មានប៊ូតុងចុចបញ្ឆេះ ឬពន្លត់ និងមានហ្វ្រាំង​ដៃ​អេឡិច​ត្រូនិក​ផងដែរ។

Wuling Jiachen មានមកជាមួយនូវម៉ាស៊ីន ១,៥លីត្រ ប្រភេទ Turbocharged អាចផលិតកម្លាំងបាន ១៤៧សេះ ភ្ជាប់ជា​គូ​នឹង​ប្រអប់លេខ CVT ចំនួន៨វគ្គ ដែលម៉ាស៊ីននេះមានកម្រិតស៊ីប្រេង ៧,២លីត្រ ក្នុង១០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម